បាល់ទាត់

Champions League៖ បាយ៉ឺន បំបាក់មុខ បាសឺឡូន ៨-២ ចាស់ដៃ

មិនធ្លាប់មានពីមុនទេ រាប់ពីឆ្នាំ១៩៤៥មក នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម បាសឺឡូន (FC Barcelonne – អេស្ប៉ាញ) ដែលរងការ«បំបាក់មុខ» ដោយទទួលគ្រាប់បាល់ ពីគូប្រកួតរហូតដល់ទៅ ៨គ្រាប់។

ក្នុងយប់ថ្ងៃសុក្រនេះ ក្រុម បាយឺន (Bayern Munich – អាល្លឺម៉ង់) បានផ្ដល់មេរៀនយ៉ាងចាស់ដៃ ដល់ក្រុមអ្នកមានបុណ្យ ដោយគ្រាប់បាល់ ៨គ្រាប់ ទល់នឹង២គ្រាប់ ក្នុងការប្រកួតវគ្គ ១/៤ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League»។

ពីរគ្រាប់របស់ក្រុម បាសឺនឡូន មានមួយគ្រាប់ ត្រូវខ្សែការពារក្រុមបាយ៉ឺន ទាត់បញ្ចូលទី​ខ្លួនឯង នៅនាទីទី៧ និងមួយ​គ្រាប់ទៀត រកបានដោយខ្សែប្រយុទ្ធ កីឡាករ ល្វីស ស្វារ៉េស (Luis Suarez) នៅនាទីទី៥៧។

បំបាក់មុខ ជាប្រវត្តិសាស្ត្រ…

ផ្ទុយទៅវិញ គ្រាប់បាល់របស់ក្រុម បាយ៉ឺន រកបានសឹងតែដូចគ្រាប់ភ្លៀងធ្លាក់ – ៤គ្រាប់​ក្នុង​ពាក់កណ្ដាលម៉ោងដំបូង និង៤គ្រាប់ទៀត ក្នុងពាក់កណ្ដាលម៉ោងទីពីរ៖

  • នៅនាទីទី៤ ដោយកីឡាករ «Thomas Müller»
  • នៅនាទីទី២២ ដោយកីឡាករ «Ivan Perišić»
  • នៅនាទីទី២៨ ដោយកីឡាករ «Serge Gnabry»
  • នៅនាទីទី៣១ ដោយកីឡាករ «Thomas Müller»
  • នៅនាទីទី៦៣ ដោយកីឡាករ «Joshua Kimmich»
  • នៅនាទីទី៨២ ដោយកីឡាករ «Robert Lewandowski»
  • នៅនាទីទី៨៥ ដោយកីឡាករ «Philippe Coutinho»
  • នៅនាទីទី៨៩ ដោយកីឡាករ «Philippe Coutinho»

គ្រាប់បាល់ទាំងអស់ខាងលើ បានធ្វើឲ្យក្រុម បាសឺឡូន ជ្រុះចេញពីការប្រកួត ក្របខណ្ឌ «Champions League» ឆ្នាំ២០១៩-២០២០នេះ តាមច្រកទ្វាដ៏តូចមួយ។ បរាជ័យរបស់ក្រុមអ្នកមានបុណ្យ ក៏បានធ្វើឲ្យប្រទេសអេស្ប៉ាញ អស់មានតំណាងខ្លួន នៅក្នុងការប្រកួតដណ្ដើមជើងឯក ក្របខណ្ឌអ៊ឺរ៉ុប សម្រាប់រដូវកាលនេះដែរ។

ចំណែកឯកក្រុមបាយឺនវិញ បានឡើងទៅវគ្គ ១/២។ ក្រុមនេះ នឹងស្គាល់គូប្រកួតរបស់ខ្លួន ដែលចេញពីការប្រកួតរវាងក្រុម មេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) និងក្រុម លីយ៉ុង (Olympic Lyonnais – បារាំង) នៅយប់​ថ្ងៃសៅរ៍ស្អែក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។