បាល់ទាត់

ក្រុម«អ្នកមានបុណ្យ»​លត់​តោបារាំង​៥-១ ដើរឆ្លង​ឡើងទៅ​១ភាគ៤

មិនមានអ្វីចម្លែកទេ ក្រុមលីយ៉ុង (Olympic Lyonnais – បារាំង) មិនអាចទប់ទល់ នឹងខ្សែប្រយុទ្ធដ៏ខ្លាំងក្លា របស់ក្រុម«អ្នកមានបុណ្យ»បាសឺឡូន (Fc Barcelona – អេស្ប៉ាញ) បានឡើយ នៅក្នុងការប្រកួត«ត្រឡប់» វគ្គ១ភាគ៨ (ឬវគ្គ១៦ក្រុម) ក្របខណ្ឌជើងឯកអ៊ឺរ៉ុប «Champions League» នៅក្នុងកីឡដ្ឋាន «Camp Nou» នៃក្រុងបាសឺឡូន (បាសឺឡូន) នាវេលាយប់ថ្ងៃពុធនេះ។

ក្រុមបាសឺឡូន ហៅក្រុមអ្នកមានបុណ្យ ដែលសម្បូរឲ្យកីឡាករល្បីៗ នាំមុខដោយកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ផងនោះ បានបំបាក់ក្រុមលីយ៉ុង ដោយគ្រាប់បាល់៥ទល់នឹង១ ដែលជាពិន្ទុសរុបដែរ (០-០ ក្នុងការប្រកួត«ទៅ» កាលពីបីសប្ដាហ៍មុន)។

នៅពាក់កណ្ដាលម៉ោងដំបូង ក្រុមបាសឺឡូន រកបានពីរគ្រាប់ ក្នុងនោះមួយគ្រាប់ដំបូង ជាបាល់ពិន័យ ដែលមិនមែនជាការប្រព្រឹត្តិកំហុស របស់ខ្សែការពារលីយ៉ុងឡើយ។ តែអាជ្ញាកណ្ដាលវីដេអូ មិនបានឲ្យសញ្ញា មកអាជ្ញាកណ្ដាលនៃការប្រកួត ដើម្បីលប់ចោលបាល់ពិន័យនេះទេ។

ត្រឡប់ចូលមកដើមពាក់កណ្ដាលម៉ោងទីពីរ ក្រុមតោបារាំងព្យាយាមវាយសម្រុក ដើម្បីរកគ្រាប់បាល់មកវិញ ព្រោះបើក្រុមនេះរកបានត្រឹមស្មើ ក្រុមបាល់ទាត់មួយនេះ នឹងត្រូវឆ្លងវគ្គទៅលើបាន។ តែបញ្ហានៅត្រង់ថា ការវាយសម្រុកខាងលើខ្លាំង បណ្ដាលឲ្យក្រុមលីយ៉ុង ទុកឲ្យខ្សែការពារខ្លួន មានភាពទន់ខ្សោយនៅខាងក្រោម ដែលធ្វើឲ្យក្រុមបាសឺឡូនវាយបកវិញ យ៉ាងងាយជាទីបំផុត៕

» វីដេអូសង្ខេប នៃការប្រកួត«ត្រឡប់»រវាងក្រុមបាសឺឡូន និងក្រុមលីយ៉ុង៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។