បាល់ទាត់

អង់តូញ៉ូ កុងតេ ក្លាយជា​គ្រូបង្វឹក​ក្រុម«មាន់ខ្នាយមាស»​ជាផ្លូវការ

មិនខុសពីការទម្លាយ ឲ្យដឹងជាមុន ដោយប្រព័ន្ធផ្សព្វផ្សាយនោះទេ លោក អង់តូញ៉ូ កុងតេ (Antonio Conte) ត្រូវបានក្រុម«មាន់ខ្នាយមាស» ថូថេនហាម (Tottenham FC – អង់គ្លេស) ជ្រើសតាំង​ឲ្យក្លាយជា​គ្រូបង្វឹក ចាប់ពីថ្ងៃអង្គារទី២ ខែវិច្ឆិកានេះ រហូតដល់ចប់រដូវកាល ឆ្នាំ២០២៣ (កិច្ចសន្យាពីរឆ្នាំ)។

មានអាយុ ៥២ឆ្នាំ លោក អង់តូញ៉ូ កុងតេ ជាតិអ៊ីតាលី បានស្ថិតក្នុងភាពទំនេរ តាំងពីលោកបានចាកចេញ ពីក្រុមអ៊ិនធើមីឡង់ (Inter Milan) ចាប់ពីចុងរដូវកាលកន្លងមក។ ក្នុងថ្ងៃអង្គារនេះ គ្រូបង្វឹកជាតិអ៊ីតាលីខាងលើ ត្រូវចូលមកជំនួសតំណែង របស់លោក «Nuno Espirito Santo» ដែលត្រូវបានក្រុម ថូថេនហាម បណ្ដេញចេញ​កាលពីថ្ងៃចន្ទ​ម្សិលម៉ិញ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមមាន់ខ្នាយមាស បានសរសេរឲ្យដឹងថា៖

«យើងខ្ញុំមានសេចក្ដីរីករាយ ដោយសូមប្រកាស​ពីការជ្រើសតាំងលោក អង់តូញ៉ូ កុងតេ ឲ្យក្លាយជាគ្រូបង្វឹក និងដឹកនាំ ជាមួយនឹងកិច្ចសន្យា រហូតដល់រដូវក្ដៅឆ្នាំ២០២៣ បូកនឹងលទ្ធភាពបន្តកិច្ចសន្យា សម្រាប់រយៈពេល១ឆ្នាំបន្ថែមទៀត។»

លោក កុងតេ ត្រូវទទួលបន្ទុក ក្នុងការដឹកនាំក្រុម ថូថេនហាម ឲ្យទទួលបានចំណាត់ថ្នាក់ល្អ ជាងសព្វថ្ងៃ ដែលទទួលបានត្រឹមតែលេខ៩ ក្នុងក្របខណ្ឌ «Premier League» និងលេខ៣ ក្នុងក្របខណ្ឌ «Europa Conference League»។

គ្រូបង្វឹករូបនេះ ដែលល្បីថាមានមាត់ដាច មិនសូវចេះទប់ ធ្លាប់បានដឹកនាំក្រុម​បាល់ទាត់ នៅក្នុងចក្រភពអង់គ្លេសម្ដងហើយ រវាងពីឆ្នាំ២០១៦ មកទល់ឆ្នាំ២០១៨។ ក្រុមនោះ គឺក្រុមតោខៀវ ឆែលស៊ី (Chelsea FC) ដែលបានឈ្នះជាជើងឯក ក្របខណ្ឌ​«Premier League» ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។