បាល់ទាត់

អង់ទ័ន គ្រីស្មាន ប្រកាស​ចាកចេញ​ជាផ្លូវការ ពីក្រុម អាត្លេទីកូ

ខ្សែប្រយុទ្ធជាតិបារាំង របស់ក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid – អេស្ប៉ាញ) កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) បានប្រកាសចាកចេញ ជាផ្លូវការ ពីក្រុមមួយនេះហើយ នៅចុងរដូវកាលខាងមុខ។ នេះ បើតាមវីដេអូមួយ របស់កីឡាករខ្លួនឯង ដែលត្រូវបានក្រុម អាត្លេទីកូ យកមកបង្ហោះ នៅលើទំព័រទ្វីសធើរ កាលពីប៉ុន្មានម៉ោងមុន។

ការប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅចំពេលពាក្យចចាមអារាម បានផ្ទុះឡើង ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ពីការផ្ទេរកីឡាកររូបនេះ ចេញពីក្រុម អាត្លេទីកូ ទៅកាន់ក្រុម បាសឺឡូន (Barcelone FC – អេស្ប៉ាញ)។

កីឡាករ គ្រីស្មាន ដែលលើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ បានចូលមកទាត់ ឲ្យក្រុមអាត្លេទីកូន នៅឆ្នាំ២០១៤ រកបានគ្រាប់បាល់ បាន១៣៣គ្រាប់ ពីការចូលរួមប្រកួតទាំងអស់ ២៥៦ប្រកួត។

នៅក្នុងសេចក្ដីប្រកាសនោះ កីឡាករអាយុ២៨ឆ្នាំ បានអះអាងថា ខ្លួនចង់ស្គាល់រសជាតិអ្វីផ្សេង និងចង់បំបែកវិញ្ញាសារថ្មីៗទៀត។ ប៉ុន្តែកីឡាករ មិនបានបង្ហើបឲ្យដឹងថា តើកីឡាករនឹងត្រូវចេញ ទៅទាត់ឲ្យក្រុមណាផ្សេងឡើយ។

តាមរយៈវីដេអូនោះ កីឡាករថ្លែងថា បានរស់នៅ «ប្រកបដោយភាពអស្ចារ្យ» ក្នុងរយៈពេល៥ឆ្នាំ ជាមួយក្រុមអាត្លេទីកូ ដោយបានលើកពានមួយចំនួន ជាមួយនឹងក្រុមនេះ។ គ្រីស្មាន អះអាងថា៖

«ជាការសម្រេចចិត្តដ៏ពិបាក តែវាជាអ្វីដែលខ្ញុំត្រូវការ ហើយខ្ញុំសូមសំដែង នូវអំណរគុណ ចំពោះការស្រឡាញ់រាប់អាន ដែលអ្នកទាំងអស់មានជាមួយខ្ញុំ។ អ្នកទាំងអស់ នឹងស្ថិតក្នុងបេះដូងខ្ញុំ ជារៀងរហូតទៅ។»

មានពាក្យចចាមអារាមជាច្រើន បានអះអាងតាំងរដូវកាលមុន ថាកីឡាករនឹងចាកចេញពីក្រុម អាត្លេទីកូ ទៅកាន់ក្រុម បាសឺឡូន។ ប៉ុន្តែនៅទីបំផុត កីឡាករបែរជាសម្រេចបន្តកិច្ចសន្យា ជាមួយក្រុម អាត្លេទីកូ រហូតដល់ឆ្នាំ២០២៣បន្ថែមទៀត ដោយរាប់ទាំងការតម្លើងប្រាក់បៀវត្សរ៍ នោះផង។

សម្រាប់ចុងរដូវកាលនេះ ដើម្បីបិតបញ្ចប់ ឬទិញកិច្ចសន្យារបស់កីឡាករខាងលើ ក្រុមបាល់ទាត់ដែលចង់បានកីឡាករ នឹងត្រូវបង់ថ្លៃបញ្ចប់កិច្ចសន្យា ត្រឹមតែ១២០លានអ៊ឺរ៉ូប៉ុណ្ណោះ និងមិនមែន២០០លានអ៊ឺរ៉ូ ដូចចែងក្នុងកិច្ចសន្យានោះទេ។

អង់ទ័ន គ្រីស្មាន ជាកីឡាករទី៣ ដែលសម្រេចចាកចេញ ពីក្រុម អាត្លេទីកូ សម្រាប់ចុងរដូវកាលនេះ។ កីឡាករពីរនាក់មុន គឺកីឡាករ «Lucas Hernandez» ដែលសម្រេចចាកចេញ ទៅទាត់​ឲ្យក្រុម បាយឺន មូនិច (Bayern Munich – អាល្លឺម៉ង់) និងកីឡាករ «Diego Godin» ដែលសម្រេចចាកចេញ ទៅទាត់ឲ្យក្រុម អ៊ិនធើមីឡង់ (Inter Milan – អ៊ីតាលី)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។