ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ កីឡាករ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បានប្រកាសឈប់សហការ ជាមួយក្រុមហ៊ុន «Huawei» ដើម្បីបង្ហាញសាមគ្គីភាព ជាមួយបណ្ដាជនអ៊ួរហ្គ័រ ដែលរស់នៅភាគខាងលិចប្រទេសចិន។ ការប្រកាសរបស់កីឡាករ ធ្វើឡើងបន្ទាប់ពីភស្ដុតាងជាច្រើន ត្រូវបានបែកធ្លាយ និងបង្ហាញថា សហគ្រាសយក្សរបស់ចិនមួយនេះ បានឃុបឃិតជាមួយអាជ្ញាធរកុម្មុយនីស ដើម្បីធ្វើទុក្ខបុកម្នេញ និងឃ្លាំមើលជាប្រចាំ ទៅលើបណ្ដាជនអ៊ួរហ្គ័រ ដែលកាន់សាសនាអ៊ីស្លាម។
ប៉ុន្តែក្រុមហ៊ុន «Huawei» បានច្រានចោល រាល់ការជាប់ពាក់ព័ន្ធរបស់ខ្លួន ជាមួយនឹងការធ្វើទុក្ខបុកម្នេញ ទៅលើបណ្ដាជនភាគតិច ខណៈក្រុងប៉េកាំងវិញ បានបដិសេធការធ្វើអត្ថាធិប្បាយ ជុំវិញសំនុំរឿងដ៏រសើប។
បណ្ដាសារព័ត៌មានធំៗ នៅបស្ចឹមលោក ដូចយ៉ាង «Washington Post» និងភ្នាក់ងារអន្តរជាតិ ជំនាញខាងកាម៉េរ៉ាសុវត្ថិភាព ហៅកាត់ថា «IPVM» បានទម្លាយឲ្យដឹងថា ក្រុមហ៊ុន «Huawei» បានចូលរួមចំណែក ក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលចិន ដើម្បីធ្វើការបង្ក្រាប និងឃ្លាំមើលជាអចិន្ត្រៃយ៍ ទៅលើបណ្ដាជនអ៊ួរហ្គ័រ។
របាយការណ៍មួយរបស់សារព័ត៌មានអាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានស្រង់ឯកសារជាច្រើន មកអះអាងថា សហគ្រាស «Huawei» បានប្រើប្រាស់បច្ចេកទេសស្គាល់មុខមនុស្ស ដោយតម្រង់មុខសញ្ញា ទៅលើបណ្ដាជនអ៊ួរហ្គ័រ ដើម្បីធានាថា ពួកគេទាំងនេះ នឹងមិនចាកចេញ ពីបរិវេណនៃ «មណ្ឌលស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(*)» ដែលស្ថិតក្នុងតំបន់ស្វយ័ត នៃខេត្ត«Xianjang» (ភាគខាងលិចប្រទេសចិន) នោះទេ។
ក្នុងសារដ៏វែងអន្លាយ ដែលកីឡាករ អង់ទ័ន គ្រីស្មាន់ បង្ហោះនៅលើបណ្ដាញសង្គម អ៊ីស្តាហ្គ្រាម (Instagram) ខ្សែប្រយុទ្ធរបស់ក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) បានសម្រេចបញ្ឈប់កិច្ចសហការរបស់ខ្លួន ជាមួយក្រុមហ៊ុនយក្ស និងបានដាក់ការសម្រេចនេះ ឲ្យចូលជាធរមានភ្លាមៗ។
កីឡាករបានសរសេរបន្តថា៖
«ខ្ញុំឆ្លៀតយកឱកាសនេះ ដើម្បីស្នើក្រុមហ៊ុន “Huawei” កុំបដិសេធ ទៅលើភស្ដុតាងចោទប្រកាន់ តែត្រូវចាត់វិធានការជាក់ស្តែង ឱ្យបានឆាប់បំផុត ដើម្បីថ្កោលទោសការបង្ក្រាបដ៏ធំនេះ និងប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីចូលរួមគោរពសិទ្ធិ បុរស-ស្ត្រីនៅក្នុងសង្គម។»
សម្រាប់រដ្ឋាភិបាលចិន ដែលបានបដិសេធធ្វើអត្ថាធិប្បាយ ចំពោះសំនុំរឿងដ៏រសើប បានបញ្ជាក់មកវិញយ៉ាងខ្លី ចាត់ទុកការប្រកាសរបស់កីឡាករ គ្រីស្មាន់ ថាជារឿងផ្ទាល់ខ្លួន រវាងកីឡាករ និងក្រុមហ៊ុន «Huawei»។ អ្នកស្រី «Hua Chunying» អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងមកថា៖
«រាល់ស្ថាប័នឯករាជ្យទាំងអស់ មានសិទ្ធិក្នុងការធ្វើកិច្ចសហការ ជាមួយនរណាក៏ដោយ ដែលពួកគេព្រមព្រៀង ជាមួយគ្នា។ វាជារឿងផ្ទាល់ខ្លួន របស់ពួកគេ។»
បើសិនជាប្រព័ន្ធឃោសនា របស់ចិន មិនសូវជារវីរវល់ប៉ុន្មាន ចំពោះការប្រកាស របស់កីឡាករ គ្រីស្មាន់ នោះ តែនៅលើបណ្ដាញសង្គម «Weibo» វិញ បណ្ដាជនចិនជាច្រើន បានបញ្ចេញមតិវាយប្រហារធ្ងន់ៗ ទៅលើខ្សែប្រយុទ្ធជាតិបារាំង ដោយហៅកីឡាកររូបនេះ ថា«កំពុងធ្វើឫក ជាតារាបាល់ទាត់ ដ៏អស្ចារ្យ» ហើយ«គាំទ្រក្រុមភេរវជន»។
(*) «មណ្ឌលស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» ក្នុងតំបន់នោះ ត្រូវបានក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកជាពន្ធនាគារដ៏អាក្រក់ ដើម្បីបំបាក់ទាំងស្មារតី និងទាំងរាងកាយ ទៅលើបណ្ដាជនអ៊ួរហ្គ័រ ដែលមានចំនួន ប្រមាណជា១លាននាក់ និងដែលត្រូវបានបញ្ជូន ទៅកាន់មណ្ឌលខាងលើ។
តែក្រុងប៉េកាំង បានអះអាងថា ជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានបំណងឲ្យបណ្ដាជន ដែលជាប់ក្នុងនោះ ដកឃ្លាឲ្យឆ្ងាយ ចេញពីភាពជ្រុលនិយម តាមរយៈសាសនា និងភេរវនិយម៕