បាល់ទាត់

ពានអាហ្វ្រិក​២០១៩ ៖ ២៩ឆ្នាំ​ក្រោយមក អាល់ហ្សេរី​ឡើងដល់​ផ្ដាច់ព្រ័ត្រ​ជាថ្មី

ក្រុមជម្រើសជាតិរបស់ប្រទេសអាល់ហ្សេរី នឹងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើម«ពានអាហ្វ្រិក​២០១៩ – AFCON 2019» ក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីបានបំបាក់ក្រុមនីហ្សេរីយ៉ា ២-១ ដោយគ្រាប់បាល់ពិន័យ នៅនាទីចុងក្រោយនៃការប្រកួត កាលពីយប់ថ្ងៃអាទិត្យ។

ជាការវិលត្រឡប់មកវិញ ក្រោយពីបានរង់ចាំ អស់រយៈពេល២៩ឆ្នាំ។ ក្នុងឆ្នាំ១៩៨០ ក្រុមអាល់ហ្សេរី ក៏បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដែរ តែនៅឆ្នាំនោះ ក្រុមអាល់ហ្សេរីបានចាញ់ក្រុមនីហ្សេរីយ៉ា ដោយគ្រាប់បាល់ ០-៣។

សម្រាប់ការប្រកួត កាលពីយប់ម៉ិញ ក្រុមអាល់ហ្សេរីមានប្រៀបច្រើន នៅពាក់កណ្ដាលម៉ោងដំបូង ហើយបានរកគ្រាប់បាល់ បាននាំមុខមុនមួយគ្រាប់ ទាត់បញ្ចូលទីដោយកីឡាករខ្សែការពារ របស់ក្រុមនីហ្សេរីយ៉ាខ្លួនឯង (នៅនាទីទី៤០)។

លុះចូលមកពាក់កណ្ដាលម៉ោងទី២ ក្រុមនីហ្សេរីយ៉ារកសាច់បាល់បានមកវិញ និងវាយសន្ទាប់ រហូតលុះត្រាម្ដងនេះ ខ្សែការពារអាល់ហ្សេរីបង្កកំហុសវិញ។ បន្ទាប់ពីពិនិត្យមើលតាមរយៈវីដេអូរួច អាជ្ញាកណ្ដាលសម្រេចឲ្យក្រុមនីហ្សេរីយ៉ា ទាត់គ្រាប់បាល់ពិន័យ រកបានគ្រាប់បាល់ស្មើបានវិញ នៅនាទីទី៧២។

ការប្រកួតបានឈានមកដល់នាទីចុងក្រោយ ហើយនរណាៗក៏បានគិតថា រវាងក្រុមទាំងពីរ នឹងមានការប្រកួតបន្ថែមម៉ោង ១៥+១៥នាទីទៀត មុននឹងឈានទៅទាត់បាល់១១ម៉ែត្រ សម្រេចសេចក្ដី។

តែនៅនាទីទី៩០+៥ ក្រុមអាល់ហ្សេរីបានរកបាន​គ្រាប់បាល់​ពិន័យ​ដ៏ពិសេស ដែលទាត់ចេញ​​ពីចំងាយ២៥ម៉ែត្រ ដោយកីឡាករ «Riyad Mahrez»។ មួយគ្រាប់នេះ រកបាននៅមុន​ប៉ុន្មានវិនាទី នៃការផ្លុំកញ្ចែបញ្ចប់ការប្រកួត និងបានបញ្ជូនក្រុមអាហ្សេរី ឲ្យឡើងទៅផ្ដាច់ព្រ័ត្រជាស្ថាពរ។

ក្នុងវគ្គចុងបញ្ចប់ នៃពានអាហ្វ្រិកឆ្នាំ២០១៩ ក្រុមអាល់ហ្សេរី នឹងត្រូវជួបជាមួយក្រុមសេនេហ្គាល់ នៅយប់ថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ខណៈក្រុមនីហ្សេរីយ៉ា នឹងត្រូវជួបជាមួយក្រុមទួរនេស៊ី នៅយប់ថ្ងៃពុធទី១៧ (ពីរថ្ងៃមុន) ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។