បាល់ទាត់

ក្រុមអតីត​កីឡាករបាល់ទាត់​នៅបារាំង ប្រកួតគ្នា​ដើម្បីជួយ​កុមារ​អ៊ុយក្រែន

ជាការជួប«ប្រកួតគ្នា​ដើម្បីជួយ​កុមារ​អ៊ុយក្រែន» ធ្វើឡើងដោយក្រុមអតីតកីឡាករ-កីឡាការិនី ដែលធ្លាប់លេង​ឲ្យក្រុមបាល់ទាត់អាជីព នៅក្នុងប្រទេសបារាំង។ ជាជំនួប«មិត្តភាព» ដែលរៀបចំឡើងជាលើកទី២ ដោយអង្គការ«UNICEF» ដើម្បីចូលរួមក្នុងបុព្វហេតុ របស់អង្គការដ៏ធំមួយនេះ (UNICEF ជាផ្នែកមួយ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងកុមារ)។

តែក្នុងឆ្នាំនេះ ការប្រកួត«Match des Héros» នៃក្រុមកីឡាករ​ដែលចូលនិវត្តន៍ទៅហើយ បានប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃអង្គារ ទី១០ ខែឧសភានេះ នៅកីឡដ្ឋាន​«Groupama Stadium» នៃក្រុងលីយ៉ុង (ភាគខាងត្បូងបារាំង) និងមានបុព្វហេតុ ដើម្បីរកថវិកា​ជួយដល់កុមារអ៊ុយក្រែន​ទាំងឡាយ ដែលកំពុងរងគ្រោះ ដោយសារសង្គ្រាមឈ្លានពាន ពីសំណាស់ប្រទេសរ៉ុស្ស៊ី។

ក្រុមកីឡាករវ័យជ្រេ ដែលធ្លាប់មានឈ្មោះល្បី កាលពីពួកគេនៅទាត់ ឲ្យក្រុមអាជីពបារាំង បានបែងចែកគ្នា​ជាពីរក្រុម គឺក្រុម«Olympique Lyonnais Legend» និងក្រុម«Team Unicef»។

មិនត្រឹមតែក្រុម​អតីតកីឡាករបាល់ទាត់​ប៉ុណ្ណោះទេ តែនៅមានអតីតកីឡាករ មកពីវិញ្ញាសារផ្សេង និងវរជនល្បីៗមួយចំនួន ក៏បានចូលរួមប្រកួតដែរ ក្នុងនោះមានអតីតកីឡាករបាស្កែត តឺនីស ប្រដាល់… ជាពិសេសបវរកញ្ញាបារាំង ឆ្នាំ២០២២ កញ្ញា«Diane Leyre»ជាដើម។

នៅចុងបញ្ចប់នៃការប្រកួត គឺក្រុម«Olympique Lyonnais Legend» ដែលទទួលបានជ័យជំនះ ដោយគ្រាប់បាល់១គ្រាប់ របស់អតីតខ្សែប្រយុទ្ធជាតិប្រេស៊ីល របស់ក្រុម«OL» កីឡាករ«Sonny Anderson»។

បន្ទាប់មក ក្រុមអតីតកីឡាករបានឈររួមគ្នា ដើម្បីប្រគល់មូលប្បទានបត្រ (Chèque) ជានិមិត្តរូប ដែលមានទំហំទឹកប្រាក់ ៤៨២ ៤៩០ អ៊ឺរ៉ូ ទៅឲ្យតំណាងអង្គការ«UNICEF»។ ទឹកប្រាក់ខាងលើ មានចំនួនច្រើនជាងទឹកប្រាក់ ដែលរៃអង្គាសបាន កាលពីក្នុងការប្រកួត«Match des Héros» ឆ្នាំទៅម៉ិញ (ប្រមាណជា ៤៣០ ០០០អ៊ឺរ៉ូ សម្រាប់ការប្រកួត​ឆ្នាំ២០២១)៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។