ប្រដាល់

កីឡាករ​កាស​ដ៏​សម្បើម​ម្នាក់​នេះ លោតពីជាន់ទីពីរ បង្ក្រាប​គូប្រកួត

ដើម្បីបង្ក្រាបគូប្រកួតខ្លួន កីឡាករ​កាស​ដ៏​សម្បើម​ម្នាក់​នេះ បានឡើងទៅជាន់ទីពីរ នៃអគារផ្សារទំនើបមួយ ក្នុងរដ្ឋ «Louisiane» សហរដ្ឋអាមេរិក ដើម្បីលោតពីទីនោះ មកលើសង្វៀន។

កីឡាកររូបនោះ ឈ្មោះ «PJ Hawx» កំពុងប្រកួតចាប់ដៃគូ ជាមួយឪពុកខ្លួន នៅក្នុងការប្រកួតមួយ ក្នុងក្របខណ្ឌ «WildKat Wrestling» កាលពីថ្ងៃអាទិត្យកន្លងមក។ ហើយការលោតពីលើមកនោះ ពិតជាបានទទួលបានជ័យជំនះ ព្រោះកីឡាករ «PJ Hawx» បានបំបាក់គូប្រកួតខ្លួន ឲ្យដួលងើបលែងរួច។

វីដេអូនៃការលោត របស់កីឡាករ ត្រូវបានបង្ហោះនៅតាមបណ្ដាញសង្គម និងបណ្ដាញ​ចែកចាយ​វីដេអូ ហើយទទួលបានការចែករំលែក និងការនិយាយតៗ យ៉ាងសន្ធឹកសន្ធាប់ ក្នុងរយៈពេលតែពីរថ្ងៃ បន្ទាប់មកប៉ុណ្ណោះ។

យ៉ាងណា លោក «PJ Hawx» បានអះអាង តាមសារព័ត៌មានក្នុងស្រុកថា ការលោតចេញពីជាន់អគារ ធ្លាប់ទទួលបានការហ្វឹកហាត់ ជាលក្ខណៈអាជីព មិនមែនជាទង្វើ ដ៏ប្រថុយប្រថាននោះឡើយ។ ដូ​ច្នេះ បើលោកអ្នកបានទស្សនាវីដេអូនេះ រួចហើយកាលណា មេត្តាកុំធ្វើតាម ឲ្យសោះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។