ប្រដាល់

ផាគីអៅ យកឈ្នះ ប្រ៊ូន័រ ដោយពិន្ទុនិង​ទទួល​ខ្សែក្រវាត់ WBA មកពាក់

កីឡាករប្រដាល់ដ៏ល្បី ជាតិហ្វីលីពីន លោក មានី ផាគីអៅ (Manny Pacquiao) ទទួលបានខ្សែក្រវាត់ «WBA» មកពាក់ទាំងក្ដីរំភើប បន្ទាប់ពីបានវាយឈ្នះកីឡាករ ជាតិអាមេរិក លោក អាឌ្រីអ៊ាង ប្រ៊ូន័រ (Adrien Broner) ក្នុងយប់ថ្ងៃទី១៩ ចូលមកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ នៅក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។

ជ័យជំនះរបស់កីឡាករ មកពីទ្វីបអាស៊ី ត្រូវបានកាត់សេចក្ដី ដោយសម្លេងជាឯកច្ឆ័ន្ទ ពីសំណាក់ចៅក្រមទាំងអស់ នៅក្នុងការប្រកួត១២ជុំ ដ៏សម្បើមមួយនេះ។

ការកាត់សេចក្ដី របស់អស់លោកចៅក្រម ក៏មិនខុសប៉ុន្មានឡើយ ពីការកាត់សេចក្ដី របស់បណ្ដាអ្នកទស្សនា នៅផ្ទាល់កន្លែង និងនៅជុំវិញពិភពលោក ដែលមើលឃើញថា កីឡាករជាតិហ្វីលីពី មានប្រៀបយ៉ាងខ្លាំង និងបានវ៉ៃចេញបានច្រើនដៃ ចំកណ្ដាលមុខកីឡាករ ប្រ៊ូន័រ។

គូប្រកួតជាច្រើន របស់កំពូលកីឡាករ ផាគីអៅ តែងរំលឹកប្រាប់គ្នីគ្នាថា ឲ្យប្រយ័ត្នបំផុតចំពោះកណ្ដាប់ដៃសន្ធាប់ នៅពេលកីឡាករហ្វីលីពីនរូបនេះ វាយចេញទៅម្ដងៗ។ នៅក្នុងការប្រកួតលើកនេះ អមដោយសម្លេងហ៊ោរកញ្ជៀវ ពីសំណាក់អ្នកទស្សនា នៅផ្ទាល់កន្លែង​ផង កីឡាករ ផាគីអៅ បើកការវាយចេញជាច្រើនដង ប្រកបដោយសន្ទុះយ៉ាងខ្លាំងក្លា ទៅលើគូប្រកួតខ្លួន។

កីឡាករ ប្រ៊ូន័រ ដែលរងមួយដៃៗ ធ្ងន់ៗពីគូប្រកួត បានស្រវាឱបកីឡាករ ជាតិហ្វីលីពីនវិញ ដើម្បីទប់ស្កាត់ការវាយសន្ធាប់ទាំងនោះ និងដើម្បីចៀសវាង ការដួលចាញ់ (KO) ទាំងមិនទាន់ចប់ការប្រកួត។

បន្ទាប់ពីជ័យជំនះនេះទៅ កំពូលកីឡាករប្រដាល់ មកពីទ្វីបអាស៊ី ដែលមានវ័យ៤០ឆ្នាំរូបនេះ មានបំណងងាក​ទៅរកការប្រកួតមួយទៀត​ ដែលអាចជា​ការប្រកួតចុងក្រោយ នៃជីវិតប្រដាល់​របស់ខ្លួន៖ នោះ គឺការសងសឹក​ តាមរយៈការវិល​​មករកសង្វៀនវិញ ជាមួយកីឡាករ ផ្លយ ម៉ាយវេឌើរ (Floyd Mayweather) ដែលបានវាយកីឡាករ ផាគីអៅ ឲ្យចាញ់ដោយពិន្ទុ កាលពីឆ្នាំ២០១៥៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។