ពិភពលោក

បាញ់ប្រហារ​នៅក្រុង​ឆ្នេរ​សមុទ្រ​អាមេរិក សម្លាប់​មនុស្ស​១២នាក់

ការបាញ់ប្រហារមួយ បានកើតឡើង នៅក្នុងអាគារសាលាក្រុង ឆ្នេសមុទ្រ​ខាងកើត នៃសហរដ្ឋអាមេរិក ចំងាយប្រមាណជា៣០០គីឡូម៉ែត្រ ពីរដ្ឋធានីវ៉ាស៊ីនតោន។ បុរសម្នាក់ ដែលជាបុគ្គលិករបស់សាលាក្រុង «Virginia Beach» បានផ្ទុះអាវុធនៅក្នុងអាគារនោះ ទាំងមិនដឹងមូលហេតុ សម្លាប់​មនុស្ស​១២នាក់ និងច្រើននាក់ផ្សេងទៀតរងរបួស។

លោក «James Cervera» នាយនគរបាលតំបន់​បានអះអាងថា មកដល់ម៉ោងនេះ មនុស្ស១២នាក់បានស្លាប់។ តុល្យភាពដំបូងបានអះអាងថា មានមនុស្សស្លាប់តែ១១នាក់ តែម្នាក់ទៀតបានផុតដង្ហើម នៅតាមដងផ្លូវ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អ្នករងរបួស៤នាក់ផ្សងទៀត ត្រូវបានក្រុមអ្នកជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ខណៈអ្នករបួសខ្លះទៀត បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដោយមធ្យោបាយផ្ទាល់ខ្លួន របស់ពួកគេ។

រឿងរ៉ាវបានកើតឡើង នៅវេលាម៉ោងប្រមាណជា១៦ ល្ងាចថ្ងៃសុក្រម្សិលម៉ិញ។ នាយនគរបាលបានពន្យល់ថា ខ្មាន់កាំភ្លើង ដែលជាបុគ្គលិកដ៏ចាស់វស្សា នៃសាលាក្រុង បានចូលទៅក្នុងអាគារ ហើយបានចាប់ផ្ដើមបាញ់រះ ទៅលើមនុស្ស។ 

កងកម្លាំងនគរបាលបានធ្វើអន្តរាគមន៍ និងបានបាញ់តបតរ ជាមួយនឹងខ្មាន់កាំភ្លើង ក្នុងរយៈពេលដ៏យូរមួយ។ ទីបំផុតខ្មាន់កាំភ្លើង ត្រូវនគរបាលបាលបាញ់ត្រូវ និងបានស្លាប់ដោយសារមុខរបួស ខណៈភ្នាក់ងារនគរបាលម្នាក់ បានរងគ្រាប់កាំភ្លើង តែមិនប៉ះពាល់ដល់ខ្លួន ដោយសារមានអាវក្រោះការពារ។

អាជ្ញាធរបានប្រកាសថា កំពុងស៊ើបអង្កេតពីករណីនេះ ដើម្បីស្វែងរកមូលហេតុ ដែលបុរសបុគ្គលិករដ្ឋការរូបនោះ បានសម្រេចចិត្ត ឈានទៅបាញ់ប្រហារមនុស្សដូច្នេះ។

សេតវិមានបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ត្រូវបានជូនដំណឹង ពីសោកនាដកម្មនេះរួចហើយ។

អំពើហិង្សាដោយការបាញ់បោះ បានរីករាលដាលគួរឲ្យកត់សម្គាល់ នៅក្នុងរដ្ឋ «Virginie» ភាគខាងកើតសហរដ្ឋអាមេរិក។ នោះ គឺនៅក្នុងរដ្ឋនេះហើយ ដែលសមាគម «National Rifle Association (NRA)» មានទីស្នាក់ការធំរបស់ខ្លួន​តាំងនៅ។ សមាគមនេះ បាននាំមុខគេក្នុងការគាំទ្រឲ្យមានការកាន់អាវុធ នៅសហរដ្ឋអាមេរិក៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។