ប្រធានការិយាល័យ «អនុព័ន្ធយោធាវេណេស៊ុយអេឡា» អមស្ថានទូតនៃប្រទេសនេះ ប្រចាំក្នុងរដ្ឋធានី វ៉ាស៊ីតោន (សហរដ្ឋអាមេរិក) លោកវរសេនីយ៍ ចូហ្សេ ល្វីស៍ ស៊ីលវ៉ា (José Luis Silva) បានប្រកាសនៅថ្ងៃសៅរ៍នេះ ឈប់ទទួលស្គាល់លោក នីកូឡឆ ម៉ាឌូរ៉ូ (Nicolas Maduro) ជាប្រធានាធិបតីស្របច្បាប់ នៃប្រទេសខ្លួនតទៅទៀត។
មន្ត្រីយោធារូបនេះ ថែមទាំងបានអំពាវនាវ ទៅកាន់មិត្តរួមអាវុធដទៃទៀត ឲ្យងាកមកគាំទ្រមេដឹកនាំប្រឆាំង ដែលប្រកាសខ្លួនឯង ជាប្រធានាធិបតីស្ដីទី កាលពីប៉ុន្មានថ្ងៃមុន។
ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក ចូហ្សេ ល្វីស៍ ស៊ីលវ៉ា បានឲ្យដឹងថា៖
«ការិយាល័យសហព័ន្ធយោធា ឈប់ទទួលស្គាល់លោក នីកូឡា ម៉ាឌូរ៉ូ ជាប្រធានាធិបតី ដោយចាត់ទុកបុរសម្នាក់នេះ ជាជនប្លន់អំណាច ហើយសូមប្រកាសទទួលស្គាល់លោក រ៉ន់ ហ្គេឌូ (Juan Guaido) ជាប្រធានាធិបតីស្ដីទីស្របច្បាប់។»
«ជំហរនេះ ស្របជាមួយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយ របស់ប្រទេសវេណេស៊ុយអេឡា ហើយខ្ញុំសូមអំពាវនាវ ទៅកាន់មិត្តរួមអាវុធទាំងអស់ ឲ្យរួមរួមគ្នាដើម្បីគាំទ្រលោក ហ្គេឌូ។»
មន្ត្រី«អនុព័ន្ធយោធាវេណេស៊ុយអេឡា»ដដែល បានបញ្ជាក់ទៀតថា៖
«យើងទាំងអស់គ្នា មានការទទួលខុសត្រូវ ក្នុងនាមជាស្ថាប័នរដ្ឋ ដើម្បីគាំទ្រលោក ហ្គេឌូ ព្រោះវាជាដំណោះស្រាយតែមួយ។»
លោក ស៊ីលវ៉ា បានបញ្ជាក់ថា ដំណើរការខាងលើ នឹងនាំទៅដល់ការផ្លាស់ប្ដូរមួយ នៅក្នុងប្រទេសវេណេស៊ុយអេឡា តែលោកទទួលស្គាល់ថា សម្រាប់ដំណាក់កាលនេះ អ្វីៗទើបតែចាប់ផ្ដើមនៅឡើយ។ លោកបានបញ្ជាក់ទៀតថា លោកបានរាយការណ៍ ពីការសម្រេចរបស់លោក ទៅបញ្ជាការដ្ឋាន ក្នុងរដ្ឋធានី ការ៉ាកាស រួចហើយ។
លោកថា៖
«ខ្ញុំបាននិយាយ ជាមួយថ្នាក់លើ ហើយពួកគាត់ដឹងថា ខ្ញុំមិនយល់ស្របទេ ជាមួយអ្វីដែលលកំពុងកើតឡើង ពីការប្លន់អំណាច ការជាន់ឈ្លីលើពលរដ្ឋ និងស្ថានភាពដ៏ក្រីក្រតោកយ៉ាក នៅក្នុងប្រទេសមួយ ដែលសម្បូរដោយធនធានមនុស្ស និងសម្បត្តិធម្មជាតិ ដូចយ៉ាងប្រទេស វេណេស៊ុយអេឡា នេះ។»
លោកបង្ហើបឲ្យដឹងដែរថា លោកបានជួបជជែក កាលពីព្រឹកថ្ងៃសៅរ៍ ជាមួយលោក រ៉ន់ ហ្គេឌូ និងអះអាងថា លោកបានត្រៀមខ្លួនរួចហើយ ក្នុងការអនុវត្តបញ្ជាពីប្រធានាធិបតីស្ដីទី ដើម្បីធ្វើការងារ សម្រាប់ប្រទេសវេណេស៊ុយអេឡា៕