ពិភពលោក

អាមេរិក៖ ធ្លាយសារជាតិគីមី​នៅអាត្លង់តា ស្លាប់យ៉ាងតិច​៦នាក់

ការធ្លាយសារជាតិគីមី​«Nitrogen» ចេញពីរោងចក្រផលិតចំណីមួយ ឈ្មោះ​«Prime Pak Foods» ដែលស្ថិតក្នុងក្រុង «Gainesville» ភាគឦសាននៃ​ក្រុងអាត្លង់តា (រដ្ឋហ្សរចា ខាងកើតសហរដ្ឋអាមេរិក) បានបណ្ដាលឲ្យមនុស្ស«ស្លាប់យ៉ាងតិច​៦នាក់» និងមនុស្សជាង១០នាក់ទៀត ត្រូវបានជម្លៀស ទៅកាន់មន្ទីរពេទ្យ។ នេះ បើតាមការអះអាង របស់នគរបាលតំបន់ ក្នុងថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមករានេះ។

នាយនគរបាលក្រុង «Gainesville» បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីមុននេះ ឲ្យដឹងថា តុល្យភាពតំបូងបញ្ជាក់ពីមរណភាព នៃមនុស្ស៥នាក់ នៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង​ប្រមាណជា ១០ព្រឹក ម៉ោងក្នុងស្រុក។

មន្ត្រីនគរបាល បានអះអាងទៀតថា ការធ្លាយសារជាតិគីមី មិនបានបង្កឲ្យមានការផ្ទុះអ្វីទេ ដែលផ្ទុយស្រឡះ ពីព័ត៌មានទាំងឡាយ ដែលចេញផ្សាយក្នុងជំហានដំបូង ថាមានការផ្ទុះដ៏ខ្លាំងមួយ។ អាជ្ញាធរមិនទាន់រកឃើញ ​ពីមូលហេតុ ដែលបណ្ដាលឲ្យមាន​ការបែកធ្លាយ​សារជាតិ​នេះនៅឡើយ មកទល់នឹងម៉ោងនេះ។

នៅក្រោយការបែកធ្លាយនោះ បណ្ដាសិស្សានុសិស្ស ដែលកំពុងរៀន នៅក្នុងសាលារៀនក្បែរៗនោះ ត្រូវបានបង្ខាំងឲ្យនៅក្នុងថ្នាក់រៀនរបស់ពួកគេ។ អាជ្ញាធរបានឲ្យដឹងបន្ថែមថា ពីក្នុងចំណោមជនរងគ្រោះ ដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ មានបីនាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: USA