ក្រុងវ៉ាស៊ីនតោន បានសម្រេចជាផ្លូវការ ក្នុងថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ ដាក់«ទណ្ឌកម្មហិរញ្ញវត្ថុ» ប្រឆាំងឧត្ដមសេនីយ៍យោធា និងអ្នកទទួលខុសត្រូវជាច្រើននាក់ ដែលស្និតនឹងលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង របស់ប្រទេសវេណេស៊ុយអេឡា។ អ្នកទាំងនោះបានរងការចោទប្រកាន់ថា បានរារាំងជំនួយមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនវេណេស៊ុយអេឡា។
ក្រសួងរតនាជាតិអាមេរិក បានលើកឡើងដូច្នេះ កាលពីប៉ុន្មានម៉ោងមុន នៅលើគេហទំព័ររបស់ខ្លួន។ លោក «Steven Mnuchin» អគ្គលេខាធិការនៃស្ថាប័ននេះ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា៖
«ការរាំងខ្ទប់របស់លោក ម៉ាឌូរ៉ូ ចំពោះរថយន្ដ និងនាវា ដែលទទួលបន្ទុកដឹកជំនួយមនុស្សធម៌ គឺជាឧទាហរណ៍ចុងក្រោយបង្អស់ នៃរបបខុសច្បាប់របស់គាត់ ដែលប្រើតែអាវុធក្នុងការផ្ដល់ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងទៀត ដើម្បីគ្រប់គ្រងលើពលរដ្ឋវេណេស៊ុយអេឡា ដែលងាយរងគ្រោះ។»
លោកអគ្គលេខាធិការបានបន្តថា៖
«យើងដាក់ទណ្ឌកម្មទៅលើសមាជិក នៃកងកម្លាំងរក្សាសន្តិសុខផ្ទាល់ របស់លោក ម៉ាឌូរ៉ូ ដើម្បីជាការឆ្លើយតប ទៅនឹងអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើម ទៅនឹងមរណភាពដ៏រន្ធត់ និងទៅនឹងគ្រោះអគ្គិភ័យ ដែលមិនអាចទទួលយកបាន ទៅលើស្បៀងនិងថ្នាំពេទ្យ ដែលសម្រាប់ផ្ដល់ទៅឲ្យប្រជាជនវេណេស៊ុយអេឡាមានជំងឺ និងអត់ឃ្លាន។»
មន្ត្រីគ្រាក់ៗចំនួន៦នាក់ ដែលទទួលខុសត្រូវផ្នែកសុវត្ថិភាពរបស់លោក ម៉ាឌូរ៉ូ បានរង«ទណ្ឌកម្មហិរញ្ញវត្ថុ»ខាងលើ ក្រោមការចោទប្រកាន់ថា ពួកគេស្ថិតនៅពីក្រោយ«ក្រុមមនុស្ស (និងយោធា) ដែលបានរារាំងជំនួយមនុស្សធម៌ ចូលក្នុងប្រទេសវេណេស៊ុយអេឡា»។
ជាថ្មីម្ដងទៀត សហរដ្ឋអាមេរិកបានអះអាង ពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះការខិតខំប្រឹងប្រែងរបស់លោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជា«ប្រធានាធិបតីស្តីទី» ទទួលស្គាល់ដោយសហរដ្ឋអាមរិកខ្លួនឯង និងប្រទេសជាច្រើនផ្សេងទៀត នៅបស្ចឹមលោក។
ខណៈនេះ លោក ហ្គេដូ កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ហើយនឹងបន្តទៅកាន់ប្រទេសអ៊ុយរ៉ាហ្គាយមួយទៀត។ លោកបានសន្យាថា នឹងវិលត្រឡប់ចូលប្រទេសវេណេស៊ុយអេឡាវិញ នៅថ្ងៃចន្ទខាងមុខ បើទោះជាលោកត្រូវប្រឈម នឹងការចាប់ខ្លួនដាក់ពន្ធនាគារ ពីសំណាក់ប្រព័ន្ធយុត្តិធម៌ ដែលស្និតនឹងលោក ម៉ាឌូរ៉ូ ក៏ដោយ៕