ពិភពលោក

ឆ្នោតប្រធានាធិបតី​អាមេរិក៖ រដ្ឋពីរទៀត ផ្លាស់ប្ដូរទំនោរ​ទៅខាង ចូ បៃដេន

ការទន្ទឹងរង់ចាំ ដ៏មហាសែនអន្ទៈសារ ជុំវិញលទ្ធផល នៃការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ៖ រដ្ឋពីរទៀត គឺរដ្ឋ«Georgia» និងរដ្ឋ«Pennsylvania» បានផ្លាស់ប្ដូរទំនោរ សម្រាប់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden)។ នេះ បើតាមលទ្ធផលស្ទាបស្ទង់ ដែលចេញផ្សាយ ដោយបណ្ដាញ​សារព័ត៌មានធំៗ ដូចយ៉ាង «AP» និង«Fox News» ជាដើម។

រដ្ឋទាំងពីរខាងលើ ដែលការរាប់សន្លឹកឆ្នោត បញ្ចេញលទ្ធផលនាំមុខ ដោយប្រធានាធិបតី​ផុតអាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) តាំងពីការបោះឆ្នោតបានបញ្ចប់ នៅល្ងាចថ្ងៃអង្គារនោះ បានបញ្ចេញលទ្ធផល ក្នុងថ្ងៃសុក្រទី៦ ខែវិច្ឆិកា នៅមុននេះបន្តិច ដោយផ្ដល់ទំនោរ ឲ្យលោក បៃដេន នាំមុខវិញម្ដង។

ខាងក្រោមនេះ ជាតួលេខត្រួសៗ ដែលស្ទាបស្ទង់ដឹង ដោយប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក៖

តាំងពីព្រឹកថ្ងៃពុធម្លេះ លទ្ធផលស្ទាបស្ទង់ នៃការរាប់សន្លឹកឆ្នោត (សរុបពីរដ្ឋចំនួន៤៤) បានផ្អៀងទៅខាងលោក បៃដេន  ដោយទទួលបាន២៦៤សម្លេង នៃអង្គបោះឆ្នោត (ឬ អ្នកតំណាងម្ចាស់ឆ្នោត) ទល់នឹង​២១៤សម្លេង ដែលទទួលបានដោយ​ប្រធានាធិបតី​ចប់អាណត្តិ លោក ដូណាល់ ត្រាំ។

ដូច្នេះ លោក បៃដែន គ្រាន់តែត្រូវការ ឲ្យឈ្នះក្នុងរដ្ឋមួយ ពីក្នុងចំណោមរដ្ឋខាងលើ (Georgia, Pennsylvania ឬ Navara) ដើម្បីបង្គ្រប់៦សម្លេង ដែលលោកនៅខ្វះ ក្នុងជំហានទៅទទួលបាន ២៧០សម្លេង ដើម្បីឈ្នះ​ការបោះឆ្នោត​លើកនេះ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។