តំណាងរាស្ត្រវ័យក្មេង របស់គណបក្សប្រជាធិបតេយ្យ កញ្ញា អាឡិចសង់ដ្រា អូកាស៊ីយ៉ូ-ក័រទេស (Alexandria Ocasio-Cortez) បានថ្លែងវាយបក ទៅតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho) នៅចំពោះសំដីដែលលោកតំណាងរាស្ត្ររូបនេះ ហៅរូបនាងថា ជា«សំផឹង»។
សម្រាប់ប្រទេសកម្ពុជា លោក ថិត យ៉ូហូ ត្រូវបានស្គាល់ថា ជាអ្នកស្នើច្បាប់លេខ «H.R. 5754» ដែលមានឈ្មោះថា «Cambodia Democracy Act» កាលពីឆ្នាំ២០១៨។ ប៉ុន្តែច្បាប់នោះ មិនទាន់ត្រូវបានព្រឹទ្ធសភាអាមេរិក លើកមកអនុម័តនៅឡើយ ដោយហេតុស្ថាប័នមួយនេះ ជាប់មមាញឹកក្នុងសំនុំរឿងផ្សេងទៀត។
កាលពីដើមសប្ដាហ៍កន្លងមក ក្នុងដំណើរដើរចូលវិមានរដ្ឋសភា លោក យ៉ូហូ បានថ្លែងហៅកញ្ញា អាឡិចសង់ដ្រា ថាជា«មនុស្សឆ្កួត» និង«គួរឲ្យខ្ពើមរអើម» បន្ទាប់ពីអ្នកតំណាងរាស្ត្រវ័យក្មេង បានលើកឡើងអំពីការកើនឡើង នៃឧក្រិដ្ឋកម្ម និងភាពក្រីក្រ នៅក្រុងញ៉ូយក ក្នុងអំឡុងពេលនៃជំងឺរាតត្បាត«Covid-19»។
អ្នកកាសែតដែលនៅផ្ទាល់ ក្នុងហេតុការណ៍នេះ បានរាយការណ៍ទៀតថា បន្ទាប់មក លោក យ៉ូហូ នៅបានបន្លឺពាក្យហៅកញ្ញា អាឡិចសង់ដ្រា ថាជា«សំផឹង (Fucking Bitch)»ថែមទៀត។
នៅមួយថ្ងៃក្រោយមក លោក ថិត យ៉ូហូ បានសំដែងការសុំទោស ប៉ុន្តែលោកបានបដិសេធ ថាលោកមិនបាននិយាយ ពាក្យខាងលើនេះទេ។ លោកបានការពារខ្លួន ដោយអះអាងថា លោកជាបុរសម្នាក់ ដែលបានរៀបការរួច និងជាឪពុករបស់កូនស្រី ចំនួនពីរនាក់ទៀត។ លោកថា៖
«ខ្ញុំដឹងច្បាស់ណាស់ អំពីអ្វីដែលខ្ញុំនិយាយ។»
តែកញ្ញា អាឡិចសង់ដ្រា ដែលអ្នកផងបានដាក់រហស្សនាមឲ្យនាង ថាជា«តារារះថ្មី» នៃគណបក្សប្រជាធិបតេយ្យ បានឆ្លើយតបទៅលោក យ៉ូហូ វិញក្នុងសម័យប្រជុំរដ្ឋសភា កាលពីថ្ងៃព្រហស្បត្តិ៍ថា៖
«មានកូនស្រី មិនធ្វើឲ្យមនុស្សនោះ ក្លាយជាបុរសពេញលក្ខណៈទេ។ រៀបអាពាហ៍ពិពាហ៍ មិនធ្វើឲ្យមនុស្សនោះ ក្លាយជាបុរសពេញលក្ខណៈទេ។ តែគឺការវាយតម្លៃមនុស្ស ប្រកបដោយភាពថ្លៃថ្នូ និងនិងការគោរព នោះទើបជាអ្វី ដែលធ្វើឲ្យមនុស្សនោះ ក្លាយជាបុរសពេញលក្ខណៈ។»
ស្ត្រីតំណាងរាស្ត្រអាយុ៣០ឆ្នាំ បានបន្ថែមទៀតថា នាងក៏ជាកូនស្រី របស់«មនុស្សម្នាក់»ដែរ។ នាងថា៖
«សំណាងណាស់ ដែលឪពុករបស់ខ្ញុំ មិនបាននៅមានជីវិត ដើម្បីសំលឹងឃើញលោក យ៉ូហូ ជេរប្រទេចកូនស្រីរបស់គាត់៕»