នៅពេលដែលរដ្ឋាភិបាលទាំងឡាយ ជួបប្រទះនឹងបញ្ហា គួរឱ្យភ័យខ្លាច ក្នុងការការពារប្រជាជន ពីជំងឺកូវីដ-១៩ (Covid-19) ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីស្សែល បាស្សេឡែត (Michelle Bachelet) បានអំពាវនាវឱ្យរដ្ឋទាំងអស់ ធានាថា សិទ្ធិមនុស្សមិនត្រូវបានរំលោភបំពាន ក្រោមវិធានការពិសេស ឬវិធានការគ្រាអាសន្នឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ របស់ឧត្ដមស្នងការដ្ឋាន អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានស្នាក់ការធំ ក្នុងក្រុងហ្សឺណែវ (ស្វីស) អ្នកស្រី បាស្សេឡេត បានព្រមានថា៖
«អំណាចពេលគ្រាអាសន្ន មិនគួរជាអាវុធ ដែលរដ្ឋាភិបាលជាច្រើន អាចយកមកប្រើប្រាស់ ដើម្បីបង្ក្រាបមតិប្រឆាំង គ្រប់គ្រងប្រជាជន ហើយសូម្បីតែដើម្បីបន្តពេលវេលាកាន់អំណាចរបស់ពួកគេ នោះទេ […] អំណាចគួរតែត្រូវបានប្រើប្រាស់ ដើម្បីទប់ទល់នឹងរោគរាតត្បាត ប្រកបដោយប្រសិទ្ធភាព – មិនលើសពីនេះ មិនតិចជាងនេះ។»
រដ្ឋអាចរឹតត្បិតសិទ្ធិមួយចំនួន ដើម្បីការពារសុខភាពសាធារណៈ ក្រោមច្បាប់សិទ្ធិមនុស្ស ហើយក៏មានអំណាចបន្ថែមទៀតផងដែរ ប្រសិនបើស្ថានភាពគ្រាអាសន្ន គំរាមកំហែងដល់អាយុជីវិតរបស់ប្រទេសជាតិ ដែលត្រូវបានប្រកាស ជាសាធារណៈ។ ក្នុងករណីណាមួយនេះ ការរឹតត្បិតត្រូវតែចាំបាច់ មានសមាមាត្រ និងមិនរើសអើង។ ការរឹតត្បិតក៏ចាំបាច់ត្រូវមានកម្រិត សម្រាប់រយៈពេលកំណត់មួយ ហើយវិធានការការពារសុវត្ថិភាព ប្រឆាំងនឹងការអនុវត្តហួសកម្រិត ក៏ត្រូវតែធ្វើឡើង ជាប្រចាំផងដែរ។
សិទ្ធិមួយចំនួន រួមទាំង សិទ្ធិរស់រានមានជីវិត ការហាមឃាត់ មិនឱ្យធ្វើទារុណកម្ម និងការប្រព្រឹត្តមិនត្រឹមត្រូវផ្សេងទៀត និងសិទ្ធិមិនត្រូវបានឃុំខ្លួន ដោយបំពាន នៅតែបន្តអនុវត្ត នៅក្នុងគ្រប់កាលៈទេសៈ។
ដើម្បីជួយរដ្ឋទាំងឡាយ ក្នុងការឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃចន្ទនេះ ការិយាល័យសិទ្ធិមនុស្ស អ.ស.ប បានចេញសេចក្តីណែនាំ គោលនយោបាយថ្មី ស្តីពីវិធានការគ្រាអាសន្ន និងវិធានការពិសេស។
អ្នកស្រីឧត្តមស្នងការ បានមានប្រសាសន៍ថា៖
«មានសេចក្តីរាយការណ៍ជាច្រើន ពីតំបន់ផ្សេងៗគ្នា ដែលថា មន្រ្តីនគរបាល និងកងកំលាំងសន្តិសុខដទៃទៀត បានប្រើកម្លាំងហួសប្រមាណ ហើយនៅពេលខ្លះ វាអាចបណ្តាលឱ្យមានមនុស្សស្លាប់ បង្ខំឱ្យប្រជាជនគោរពតាមបម្រាមបិទការដើរហើរ និងបម្រាមគោចរណ៍។ ការរំលោភបំពានបែបនេះ ជារឿយៗ ត្រូវបានប្រព្រឹត្ត ទៅលើប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត។»
អ្នកស្រី បាស្សេឡែត បានមានប្រសាសន៍បន្តថា៖
«ការបាញ់ប្រហារ ការឃុំខ្លួន ឬការរំលោភបំពាន លើបុគ្គលណាម្នាក់ ចំពោះការបំពានបម្រាមគោចរណ៍ ដោយសារតែពួកគេ ស្វែងរកអាហារជាចាំបាច់ គឺជាការឆ្លើយតប ដែលមិនអាចទទួលយកបាន និងដោយខុសច្បាប់។ ដូច្នេះ វាធ្វើឱ្យមានការលំបាក ឬមានគ្រោះថ្នាក់ ដល់ស្រ្តីទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន។ ក្នុងករណីខ្លះ មានមនុស្សស្លាប់ដោយសារតែការអនុវត្ត វិធានការមិនសមរម្យ ដែលទំនងជាធ្វើឡើង ដើម្បីជួយសង្គ្រោះពួកគេ។»
«នៅក្នុងប្រទេសមួយចំនួន មនុស្សរាប់ពាន់នាក់ ក៏ត្រូវបានឃុំខ្លួន ពីបទរំលោភបម្រាមគោចរណ៍ ដែលជាការអនុវត្តមួយ ដែលមិនចាំបាច់ និងមិនមានសុវត្ថិភាព។ មន្ទីរឃុំឃាំង និងពន្ធនាគារ គឺជាបរិស្ថាន ដែលមានហានិភ័យខ្ពស់ ហើយរដ្ឋនានា គួរតែផ្តោតលើការដោះលែងជនជាប់ឃុំណា ដែលអាចត្រូវបានដោះលែងបាន ដោយសុវត្ថិភាព មិនត្រូវឃុំខ្លួន មនុស្សច្រើនពេកឡើយ។»
ឯកសារណែនាំ បានគូសបញ្ជាក់ថា ដូចជាក្នុងពេលធម្មតា មន្រ្តីអនុវត្តច្បាប់ គួរតែប្រកាន់ខ្ជាប់ នូវគោលការណ៍នីត្យានុកូលភាពចាំបាច់ សមាមាត្រ និងប្រកបដោយការប្រុងប្រយ័ត្ន។
អ្នកស្រី បាស្សេឡែត បានបញ្ជាក់ទៀតថា៖
«រដ្ឋទាំងឡាយ គួរប្រើកម្លាំង តែនៅពេលដែលចាំបាច់បំផុត ហើយកម្លាំងដ៏សាហាវ អាចត្រូវបានប្រើ តែនៅពេលមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សតែប៉ុណ្ណោះ។»
វិធានការ និងច្បាប់ដែលត្រូវបានដាក់ឱ្យប្រើនៅក្នុងប្រទេសមួយចំនួន មានសេចក្តីយោង ទៅនឹងបទល្មើស ដែលបានកំណត់មិនច្បាស់លាស់ ដោយភ្ជាប់ជាមួយនូវការកាត់ទោសដ៏ឃោរឃៅ ដែលធ្វើឱ្យមានការព្រួយបារម្ភថា ពួកគេអាចត្រូវបានប្រើ ដើម្បីបិទមាត់ប្រព័ន្ធផ្សព្វផ្សាយ និងឃុំឃាំងអ្នករិះគន់ និងអ្នកប្រឆាំង។ ទោះបីវិធានការក្នុងការរឹតត្បិតការដើរហើរ និងការជួបប្រជុំ មានលក្ខណៈស្របច្បាប់ ក្នុងកាលៈទេសៈបែបនេះក្តី ក៏ជំនឿទុកចិត្ត និងការពិនិត្យពិច័យរបស់សាធារណៈជន គឺសំខាន់ជាការចាំបាច់សម្រាប់វិធានការ និងច្បាប់អនុវត្តមានប្រសិទ្ធភាព។
អ្នកស្រី បាស្សេឡែត បានមានប្រសាសន៍ថា៖
«វាមានសារៈសំខាន់ណាស់ ក្នុងការប្រឆាំង នឹងព័ត៌មានមិនពិត ប៉ុន្តែការបិទមតិយោបល់ផ្លាស់ប្តូរគំនិត និងព័ត៌មានដោយសេរី មិនត្រឹមតែរំលោភសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យអន្តរាយ ដល់ជំនឿទុកចិត្តទៀតផង។ ព័ត៌មានមិនពិត អំពីជំងឺកូវីដ-១៩ បង្កហានិភ័យធំធេង ដល់មនុស្ស។ ប៉ុន្តែដូចគ្នា នឹងសេចក្តីសម្រេចចិត្តគោលនយោបាយមិនល្អផងដែរ។»
«ការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ដូចជាសេរីភាពក្នុងការបញ្ចេញមតិ អាចធ្វើឱ្យអន្តរាយ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងផលប៉ះពាល់ខាងសេដ្ឋកិច្ច សង្គម កើតចេញពីជំងឺនេះ។»
សេចក្តីណែនាំនេះ បានបញ្ជាក់យ៉ាងច្បាស់ថា វិធានការនានា មិនត្រឹមតែចាំបាច់ ដើម្បីសម្រេចបាន នូវគោលដៅសុខភាពសាធារណៈស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏គួរតែជាអភិក្រម «មានការរំខានតិចតួចបំផុត» ដែលត្រូវការ ដើម្បីទទួលបានលទ្ធផលនោះ។
ឧត្ដមស្នងការ របស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា៖
«យើងបានឃើញរដ្ឋជាច្រើន អនុម័តវិធានការ ប្រកបដោយយុត្តិកម្ម សមហេតុផល និងមានកំណត់ពេលវេលា។ ប៉ុន្តែក៏មានករណី គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ដែលរដ្ឋាភិបាលនានា ហាក់ដូចជាកំពុងប្រើប្រាស់ជំងឺ កូវីដ-១៩ ដើម្បីរំលោភសិទ្ធិមនុស្ស ការរឹតត្បិតសេរីភាពជាមូលដ្ឋាន និងលំហពលរដ្ឋ និងការធ្វើឱ្យប៉ះពាល់ ដល់នីតិរដ្ឋ។»
អ្នកស្រី បាស្សេឡែត បានលើកឡើងថា វិធានការពិសេស ឬស្ថានភាពអាសន្ន គួរតែស្ថិតនៅក្រោមការត្រួតពិនិត្យត្រឹមត្រូវដោយសភា តុលាការ និងសាធារណជន។
អ្នកស្រីមានប្រសាសន៍បន្ថែមទៀតថា៖
«វិធានការប្រទេសផ្សេងៗគ្នា ស្ថិតក្នុងដំណាក់កាលផ្សេងគ្នា នៃការរាតត្បាត។ ប្រទេសមួយចំនួន កំពុងចាប់ផ្តើមចេញ ពីវិធានការគ្រាអាសន្ន ខណៈពេលដែលប្រទេសផ្សេងទៀតកំពុងពង្រីក ឬពង្រឹងវិធានការ ដែលបានដាក់ចេញរួចហើយ។ គោលការណ៍ត្រូវតែអនុវត្តតាម គឺថា វិធានការត្រូវតែបានអនុវត្ត ប្រកបដោយមនុស្សធម៌។ ការដាក់ទោសទណ្ឌចំពោះការបំពាន លើវិធានការទាំងនេះ គួរតែមានលក្ខណៈសមាមាត្រ និងមិនត្រូវបានធ្វើដោយបំពាន ឬរើសអើងឡើយ។»
អ្នកស្រីស្នងការ បានមានប្រសាសន៍ថា៖
«ដោយសារវិបត្តិនេះ មានលក្ខណៈពិសេស វាច្បាស់ណាស់ថា រដ្ឋទាំងឡាយ ត្រូវការអំណាចបន្ថែម ដើម្បីដោះស្រាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនីតិរដ្ឋ មិនត្រូវបានគាំទ្រ ដូច្នេះ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈ នឹងក្លាយជាគ្រោះមហន្តរាយ ដល់សិទ្ធិមនុស្សជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ដែលអាចធ្វើឱ្យជំងឺរាតត្បាត រីករាលដាលបានដ៏យូរ៕»