ពិភពលោក

ត្រាំ ចោទ​អតីត​មេធាវី​ថា ធ្វើឲ្យ​លោក​«បរាជ័យ»​ក្នុងជំនួប​ជាមួយ គីម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងក្នុងថ្ងៃអាទិត្យនេះថា សវនាការសាធារណៈចោទសួរលោក ម៉ៃឃើញ ខូអេន (Michael Cohen) ធ្វើឡើងដោយគណៈកម្មការអង្កេតមួយ របស់រដ្ឋសភាអាមេរិក ជាចំណែកមួយនៃ«បរាជ័យ»របស់ជំនួបរវាងរូបលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) កាលពីសប្ដាហ៍មុន ក្នុងរដ្ឋធានី ហាណូយ ប្រទេសវៀតណាម។

ជំនួបកំពូល ដែលបានចាប់ផ្ដើមនៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ចប់ទៅ នៅមួយថ្ងៃក្រោយមក  ដោយមេដឹកនាំទាំងសងខាង បានបែកផ្លូវគ្នាចាកចេញពីជំនួប ទៅម្ខាងៗតែរៀងខ្លួន និងមិនបានចេញសេចក្ដីថ្លែងការណ៍រួម ដូចដែលគ្រោងទុកនោះទេ។ 

លោក ដូណាល់ ត្រាំ បានថ្លែងនៅពេលចេញពីជំនួបនោះថា ពេលខ្លះគេត្រូវដើរចេញពីការចរចា។ លោកពន្យល់ថា កិច្ចពិភាក្សាបានដួលបះជើង នៅលើបញ្ហានៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់លើកូរ៉េខាងជើង នៅចំពោះកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចអន្តទ្វីប របស់ប្រទេសនេះ ដែលត្រូវបានហាមឃាត់នោះ។

តែនៅអាទិត្យនេះ លោកប្រធានាធិបតីនៃប្រទេសមហាអំណាច បានរកឃើញមូលហេតុ នៃបរាជ័យក្នុងជំនួប ត្រាំ-គីម នៅរដ្ឋធានីហាណូយ។ លោកបានថ្លែងតាមបណ្ដាញសង្គមទ្វីសធើរថា៖

«ការណ៍ដែលក្រុមអ្នកនយោបាយ (មកពីគណបក្សប្រជាធិបតេយ្យ) ចោទសួរក្នុងសវនាការសាធារណៈមួយ ទៅលើមនុស្សកុហក និងបោកប្រាស់ម្នាក់ ដែលរងការផ្តន្ទាទោស ស្របពេលនឹងជំនួបកំពូលដ៏សំខាន់ ស្ដីពីអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ទំនងជាចន្លោះប្រហោងថ្មីមួយ នៅក្នុងនយោបាយអាមេរិក និងទំនងជាបានរួមចំណែក ក្នុង”បរាជ័យ”នៃជំនួប។»

លោកបន្តថា៖

«មិនដែលឃើញពីមុនមកទាល់តែសោះ នូវទង្វើបែបនេះ ដែលបានកើតមានឡើង នៅពេលដែលប្រធានាធិបតីមានវត្តមាន នៅបរទេស។ ជាទង្វើគួរឲ្យខ្មាសអៀន!»

កាលពីខែធ្នូកន្លងទៅ លោក ម៉ៃឃើល កូអេន ត្រូវបានតុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទគេច-បន្លំការបង់ពន្ធ បទបំពាន និងរំលោភ លើច្បាប់បោះឆ្នោត។ លោកត្រូវបានរារាំងអស់មួយជីវិត ចេញពីអាជីពជាមេធាវី ហើយនឹងត្រូវចាប់ដាក់ពន្ធនាគារ នៅថ្ងៃទី៦ ខែឧសភាខាងមុខ ខណៈក្នុងអំឡុងពេលនេះ លោកកំពុងប្ដឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមខាងលើ។

នៅក្នុងសវនាការជាមួយគណៈកម្មការរដ្ឋសភាអាមេរិក លោក ម៉ៃឃើល ខូអេន បានព្រលះលោក ដូណាល់ ត្រាំ ដោយបកអាក្រាតអតីតកូនក្ដីរបស់លោកម្នាក់នេះ ថាជាមនុស្ស«រើសអើង ប្រកាន់ពូជសាសន៍ បោកប្រាស និងកេងបន្លំ»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។