ពិភពលោក

ដូណាល់ ត្រាំ អាចនឹងត្រូវ​ហាមឃាត់ ការឈរឈ្មោះ​ជាប្រធានាធិបតី

ដោយសារលោក ដូណាល់ ត្រាំ (Donald Trump) អស់តំណែងជាប្រធានាធិបតីហើយនោះ ដូច្នេះសវនាការនៅព្រឹទ្ធសភា ជុំវិញ​ការចោទប្រកាន់​ប្រឆាំងរូបលោក អាចនឹងសម្រេចទៅ ដោយការហាមឃាត់ ការកាន់តំណែង ក៏ដូចជា ការឈរឈ្មោះ​ជាប្រធានាធិបតី សម្រាប់មួយអាណត្តិថ្មីទៀត។

ការចោទប្រកាន់នោះ ត្រូវបានសម្រេច​ដោយ​សភាតំណាងរាស្ត្រ មុននឹងត្រូវបញ្ជូនឡើង ទៅព្រឹទ្ធសភា នៅថ្ងៃចន្ទទី២៥ ខែមករា​ ដើមសប្ដាហ៍ក្រោយ។ សម្រាប់ក្រុមអ្នកតំណាងរាស្ត្រអាមេរិក ដែលមានសម្លេងភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ បានយល់ថា លោក ដូណាល់ ត្រាំ បានញុះញង់ ឲ្យមានការទន្ទ្រានកាន់កាប់វិមានកាពីតូល (វិមានសភាអាមេរិក) កាលពីថ្ងៃទី៦ ខែមករាកន្លងមក។

លោក ត្រាំ ជាប្រធានាធិបតីដំបូងគេ របស់ប្រទេសមហាអំណាច ដែលរងនីតិវិធីចោទប្រកាន់ ដើម្បីបណ្ដេញលោក ចេញពីតំណែង ដល់ទៅពីរដង ក្នុងមួយអាណត្តិ។

បន្ទាប់ពីទទួលបានការចោទប្រកាន់ ពីរដ្ឋសភារួច ព្រឹទ្ធសភាត្រូវរៀបចំសវនាការមួយឡើង ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៨ ខែកុម្ភៈ។ នេះ បើតាមការអះអាងរបស់លោក «Chuck Schumer» ប្រធានក្រុមសមាជិកព្រឹទ្ធសភា មកពីគណបក្ស​ប្រជាធិបតេយ្យ ដែលបន្ត​អះអាង​ថា ជម្រើសដ៏ឆាប់រហ័ស នៃថ្ងៃធ្វើសវនាការខាងលើ គឺដោយសារព្រឹទ្ធសភា ចង់រក្សានីតិកាលចាស់ ដើម្បីធ្វើកិច្ចការនេះ ជាជាង​នីតិកាលថ្មី (នីតិកាលថ្មី មានសមាជិកព្រឹទ្ធសភាភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ)។

លោក «Chuck Schumer» បានថ្លែងថា៖

«រដ្ឋសភានឹងបញ្ជូនអត្ថបទ នៃការដកចេញពីតំណែង (ជាប្រធានាធិបតី) ទៅកាន់ព្រឹទ្ធសភា។ ព្រឹទ្ធសភានឹងរៀបចំសវនាការមួយឡើង សម្រាប់លោក ដូណាល់ ត្រាំ។ សវនាការនេះ នឹងមានលក្ខណៈពេញលេញ និងមានលក្ខណៈគតិយុទ្ធ។»

យ៉ាងណា សវនាការរបស់ព្រឹទ្ធសភា អាចនឹងបញ្ចប់ទៅ ដោយសម្រេចហាមឃាត់​ ការកាន់តំណែង ក៏ដូចជា ការឈរឈ្មោះ​ជាប្រធានាធិបតី ក្នុងមួយអាណត្តិ​បន្ថែមទៀត សម្រាប់លោក ដូណាល់ ត្រាំ នាពេលអានាគត ដោយហេតុថាលោក ត្រាំ លែងមានតំណែងជាប្រធានាធិបតីទៀត បន្ទាប់ពីលោក ចូ បៃដិន បានស្បថចូលកាន់តំណែងរួចរាល់៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។