ពិភពលោក

សង្គ្រាមនៅអ៊ុយក្រែន៖ ស្ត្រីម្នាក់​លើកបដា​ផ្សាយផ្ទាល់​«ពួកគេ​កំពុងកុហក»

នៅទីនេះ «ពួកគេ​កំពុងកុហក» បោកប្រាស់អ្នករាល់គ្នា ! នេះ ជាអ្វីដែលគេអាចអានបាន នៅលើបដារបស់នាង «Marina Ovsiannikova» ដែលត្រូវបាននាងលើកបង្ហាញ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ «Pervy Kanal» ក្នុងកម្មវិធីផ្សាយព័ត៌មានផ្ទាល់។

ជាព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើល ដែលកើតឡើង នៅយប់ថ្ងៃចន្ទទី១៤ ខែមីនា និងដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ការឃោសនារបស់វិមាន ក្រឹមឡាំង ចំពោះសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន តាំងពី១៩ថ្ងៃមកនេះ។

នៅខណៈពិធីការិនីដ៏ល្បី របស់ប្រទេសរ៉ុស្ស៊ី នាង«Ekaterina Andreïeva»កំពុងអានព័ត៌មាន ក្នុងកម្មវិធី«Vremia» (មានន័យថា ពេលវេលា) ស្រាប់តែស្ត្រីម្នាក់ បានដើរចេញមកពីក្រោយ ដោយលើកបដាសរសេរអក្សរធំៗ មានសេចក្ដីថា៖

«និយាយថា ទេចំពោះសង្គ្រាម ! សូមកុំជឿ អំពីការឃោសនា។ នៅទីនេះ ពួកគេ​កំពុងកុហក បោកប្រាស់អ្នករាល់គ្នា។ បណ្ដាជនរ៉ុស្ស៊ីទាំងអស់ ប្រឆាំងនឹងសង្គ្រាម។»

ស្ត្រីរូបនោះ គ្មាននរណាផ្សេង ក្រៅពី«នាង«Marina Ovsiannikova» បុគ្គលិករៀបចំកម្មវិធី របស់ស្ថានីយ៍ទូរទស្សន៍ «Pervy Kanal» ដែលជាទូរទស្សន៍រដ្ឋធំជាងគេបង្អស់ នៅប្រទេសរ៉ុស្ស៊ីនោះឡើយ។ ជាពិសេសជាងនេះ កម្មវិធីព័ត៌មាន​«Vremia»​មានអ្នកទស្សនាច្រើនសិបលាននាក់ នៅលើផ្ទៃប្រទេស ដោយហេតុថា កម្មវិធីនេះ​ផ្សាយនៅចំពេល​ដែលអ្នកផងសម្រាកពីការងារ និងកំពុងរៀបចំទទួលទានអាហារពេលល្ងាច។

ការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើល របស់នាង«Marina Ovsiannikova» បានបង្កឲ្យកម្មវិធីផ្សាយព័ត៌មានផ្ទាល់ ត្រូវបានផ្អាក ដោយស្ថានីយ៍ទូរទស្សន៍ បានប្ដូរទៅចាក់ផ្សាយ​បទយកការណ៍មួយ ស្ដីពីមន្ទីរពេទ្យទៅវិញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរ៉ុស្ស៊ី បានអះអាងថា ក្នុងពេលបន្ទាប់មក ស្ត្រីខាងលើត្រូវបាននាំខ្លួន ទៅកាន់ប៉ុស្ដិ៍នគរបាល ខណៈស្ថានីយ៍ទូរទស្សន៍ បានប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុងមួយឡើង។ ទីភ្នាក់ងារព័ត៌មានរ៉ុស្ស៊ី «Tass» បានបញ្ជាក់បន្ថែមថា នាង«Marina Ovsiannikova»អាចត្រូវបានចោទប្រកាន់ ពីបទបំផ្លាញកិត្តិយសកងទ័ពរ៉ុស្ស៊ី និងអាចរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

នៅក្នុងវីដេអូ ដែលបានថតទុកជាមុន និងផ្ដល់ទៅឲ្យបណ្ដាញ​ផ្សព្វផ្សាយឯករាជ្យ «OVD-Info» ស្ត្រីអាយុ៤៤ឆ្នាំដ៏ក្លាហាន បានអះអាងថា រូបនាងដែលជាកូនកាត់ អ៊ុយក្រែន-រ៉ុស្ស៊ី (ឪពុកជាតិអ៊ុយក្រែន និងម្ដាយជាតិរ៉ុស្ស៊ី) មិនដែលគិតសូម្បីមួយវិនាទី ថាប្រជាជាតិទាំងពីរ ក្លាយជាសត្រូវនឹងគ្នាឡើយ។

នាង «Marina Ovsiannikova» ថ្លែងថា៖

«តែគួរឲ្យសោកស្ដាយ ខ្ញុំបានធ្វើការឲ្យទូរទស្សន៍ “Pervy Kanal” ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីធ្វើការឃោសនា ឲ្យវិមានក្រឹមឡាំង។ ខ្ញុំមានការខ្មាសអៀនណាស់ នៅថ្ងៃនេះ។ ខ្ញុំមានការខ្មាសអៀន ដែលបានធ្វើឲ្យការបោកប្រាស់ ត្រូវបានផ្សព្វផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ – អៀនខ្មាស ដែលបានធ្វើឲ្យប្រជាជនរ៉ុស្ស៊ី ត្រូវបានចាត់ទុកដូចជា “ខ្មោចរស់ (Zombie)”៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។