ពិភពលោក

អាមេរិក​អះអាង​ថា បាន​បាញ់កម្ទេច​​«ឌ្រូន»​ចារកម្ម​អៀរ៉ង់​មួយគ្រឿង

សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានបាញ់ កម្ទេចយន្ដហោះ​គ្មានមនុស្សបើក ប្រភេទ​«ឌ្រូន (Drone)»​មួយគ្រឿង នៅថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខណៈពេលយន្ដហោះចារកម្មមួយនេះ បានហោះមកក្នុងរង្វង់១គីឡូម៉ែត្រ ក្បែរនាវាចម្បាំងអាមេរិក ដែលស្ថិតក្នុងច្រកសមុទ្រ «Ormuz» ចន្លោះឈូងសមុទ្រ អ័រមង់ និងឈូងសមុទ្រ ពែរ្យ។

ជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលបានកើតឡើង នៅខណៈពេល ដែលសភាពតានតឺង រវាងប្រទេសទាងពីរ បានកើតឡើង តាំងពី២ខែមកហើយ ហើយដែលត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ប្រកាសជាសាធារណៈដោយផ្ទាល់។

បើតាមការអះអាង របស់លោក ត្រាំ បានឲ្យដឹងថា យន្ដហោះចារកម្មរបស់ប្រទេសអៀរ៉ង់ បានហោះ​មកជិត​នាវាផ្ទុកយន្ដហោះ ប្រភេទ «USS Boxer» របស់អាមេរិក នៅចំងាយមិនដល់ ១គីឡូម៉ែត្រ។ លោកប្រធានាធិបតីបានបន្តថា ភាពមិនអើពើ ទល់នឹងការព្រមានជាច្រើនដង​របស់កងទ័ពអាមេរិក បានតម្រូវឲ្យនាវាចម្បាំង របស់ប្រទេសមហាអំណាច ត្រូវធ្វើសកម្មភាព ដើម្បី«ការពារខ្លួន»។

ប្រធានាធិបតីអាមេរិក បានអះអាងថា៖

«យន្ដហោះឌ្រូននោះ ត្រូវបានកម្ទេចភ្លាមៗតែម្ដង។»

តបនឹងការអះអាងខាងលើ ប្រមុខការទូតអៀរ៉ង់ លោក «Mohammad Javad Zarif» ដែលទើបធ្វើដំណើរ មកដល់ទីស្នាក់ការធំ នៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូយក បានថ្លែងថា លោកមិនមានព័ត៌មាន ទាក់ទងនឹងការបាត់បង់យន្ដហោះចារកម្ម ណាមួយនោះឡើយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។