ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សហភាពអ៊ឺរ៉ុប «EU» នឹងផ្ដល់ជំនួយជាសព្វាវុធ និង«ជាបន្ទាន់» ទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាមឈ្លានពាន ធ្វើឡើងដោយកងទ័ពរ៉ុស្ស៊ី តាំងពី៤ថ្ងៃមកនេះ។
ប្រមុខការទូតនៃសហភាពអ៊ឺរ៉ុប លោក «Josep Borrell» បានថ្លែងនៅល្ងាចថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសជាសមាជិកទាំង២៧ ឲ្យដឹងថា សហភាពនឹងបញ្ចេញថវិកា ប្រមាណជា៤៥០លានអ៊ឺរ៉ូ ដើម្បីបញ្ជាទិញសព្វាវុធ បញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន។
លោក «Josep Borrell» ថ្លែងថា៖
«ប្រមុខការទូតរបស់ប្រទេសអ៊ុយក្រែន លោក “Dmytro Kouleba” បាននិយាយអំពីតម្រូវការ នៃប្រភេទយន្ដហោះប្រដេញ ដែលកងទ័ពអ៊ុយក្រែន អាចបើកបរបាន (ដោយមិនចាំបាច់ត្រូវហាត់បើក)។ ប្រទេសជាសមាជិកមួយចំនួន មានយន្ដហោះប្រភេទនេះ។ អញ្ចឹង យើងនឹងផ្ដល់ទៅឲ្យកងទ័ពអ៊ុយក្រែន នូវយន្ដហោះប្រភេទខាងលើ តាមតម្រូវការ រួមនឹងសព្វាវុធចាំបាច់ផ្សេងទៀត។»
លោកបន្តទៀតថា៖
«កិច្ចព្រមព្រៀងមួយ ត្រូវបានអនុម័ត ដើម្បីផ្ដល់ទៅឲ្យកងទ័ពអ៊ុយក្រែន នូវសព្វាវុធ ដែលមានតម្លៃសរុប ប្រមាណជា៤៥០លានអ៊ឺរ៉ូ ក៏ដូចជាឧបករណ៍ការពារផ្សេងទៀត និងប្រេងឥន្ធនៈ ដែលមានតម្លៃសរុប ប្រមាណជា៥០លានអ៊ឺរ៉ូ (…) នេះជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ដែលយើងធ្វើជំនួយបែបនេះ។»
បន្ទាប់ពីសម្រេចបាន នូវគម្រោងថវិកាខាងលើហើយ កិច្ចប្រជុំមួយទៀត របស់បណ្តារដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជាសមាជិក នឹងត្រូវកោះធ្វើជាលក្ខណៈបន្ទាន់ ក្នុងថ្ងៃចន្ទទី២៨ ខែកុម្ភៈនេះ ដើម្បីដើម្បីបំប្លែងមូលនិធិនេះទៅជាគ្រឿងសព្វាវុធ ហើយដឹកបញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន នៅខ្សែត្រៀមជួរមុខ។
ប្រទេសប៉ូឡូញបានទទួលយល់ព្រម ទទួលជំនួយទាំងនេះ ហើយដឹកជញ្ជូនទៅកាន់អ៊ុយក្រែន។
លោក «Josep Borrell» បន្ថែមថា៖
«ជំនួយសព្វាវុធរបស់សហភាពអ៊ឺរ៉ុប បន្ថែមពីលើសម្ភារៈយោធាផ្សេងទៀត ដែលបណ្ដារដ្ឋសមាជិកជាច្រើន បានបញ្ជូនដោយផ្ទាល់ខ្លួនគេ ទៅឲ្យអ៊ុយក្រែន។»
មុននេះប៉ុន្មានម៉ោង (ក្នុងរសៀលថ្ងៃអាទិត្យដដែល) ប្រធានាធិបតី រ៉ុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Poutine) បានបញ្ជាឲ្យ«កងកម្លាំងនុយក្លេអ៊ែរ» ត្រូវត្រៀមខ្លួន ដើម្បីចេញប្រតិបត្តិការ។ បញ្ជារបស់លោក ពូទីន ត្រូវបានលោក «Josep Borrell» បរិហារថា ជាការទទួលខុសត្រូវដ៏ធំមួយ ។
ប្រមុខការទូតអ៊ឺរុបបញ្ជាក់ថា៖
«តែយើងនៅតែបន្តគាំទ្រ អ៊ុយក្រែន៕»