ពិភពលោក

សង្គ្រាមនៅអ៊ុយក្រែន៖ ស្វីស ធ្វើដូច EU ដោយបង្កក​ទ្រព្យសម្បត្តិ រ៉ុស្ស៊ី

រដ្ឋាភិបាលស្វីសបានសម្រេចអនុវត្តទណ្ឌកម្ម ដូចសហភាពអ៊ឺរ៉ុប (EU) ដោយបង្កក​ទ្រព្យសម្បត្តិ របស់ប្រទេសរ៉ុស្ស៊ី ក្នុងកម្រិតរាប់ពាន់លានអ៊ឺរ៉ូ ក៏ដូចជាទណ្ឌកម្មដោយផ្ទាល់ ប្រឆាំងលោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី ដែលបានសម្រេចបញ្ជូនកងទ័ព ចូលឈ្លានពានប្រទេសអ៊ុយក្រែន តាំងពី៤ថ្ងៃកន្លងមក។

នាយករដ្ឋមន្ត្រីរ៉ុស្ស៊ី លោក «Mikhail Mishustin» និងរដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ី លោក «Sergeï Lavrov» រួមនឹងឥស្សរជនសំខាន់ៗ ជាច្រើនទៀត ក៏រងទណ្ឌកម្មពីសំណាក់ប្រទេសស្វីសដែរ។

លោក «Ignazio Cassis» ប្រធានសហព័ន្ធស្វីស (ឬហៅថា ប្រធានាធិបតី) បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ នេះថា៖

«ការវាយលុករបស់ប្រទេសរ៉ុស្ស៊ី ជាទង្វើទទួលមិនបាន បើនិយាយពីច្បាប់អន្តរជាតិ ពីវិស័យនយោបាយ និងពីសីលធម៌។ ដូច្នេះ ក្រុមប្រឹក្សាសហព័ន្ធ បានសម្រេចអនុវត្តទណ្ឌកម្ម ដូចទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុប និងបង្កកទ្រព្យសម្បត្តិទាំងឡាយ ដែលទាក់ទងនឹងប្រទេសរ៉ុស្ស៊ី។»

ក្នុងឱកាសនោះ លោក «Ignazio Cassis» បានលើកឡើងជាថ្មី អំពីការគាំទ្រពីសំណាក់ប្រទេសស្វីស ចំពោះប្រជាជនអ៊ុយក្រែន ដែលលោកថា កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយការឈ្លានពាន​ពីសំណាក់កងទ័ពរ៉ុស្ស៊ី។

ការបង្កកទ្រព្យសម្បត្តិ របស់បណ្ដាជនអ្នកមានប្រាក់ និងក្រុមហ៊ុន-សហគ្រាស-ធនាគាររ៉ុស្ស៊ី នឹងត្រូវអនុវត្តភ្លាមៗ ចាប់ពីថ្ងៃនេះតទៅ។ បណ្ដាជន និងក្រុមហ៊ុនទាំងនោះ ដែលត្រូវបានជាប់ឈ្មោះ ក្នុងបញ្ជីខ្មៅរបស់សហភាពអ៊ឺរ៉ុប នឹងមិនត្រូវបានអនុញ្ញាតិ ឲ្យមានទំនាក់ទំនង​រកទទួលទាន​អ្វីទៀតឡើយ ជាមួយប្រទេសស្វីស។ ទណ្ឌកម្មរាប់បញ្ចូលទាំងធនាគារជាតិ របស់ប្រទេសរ៉ុស្ស៊ីផងដែរ។

ការហាមឃាត់ នៃការនាំចេញ-នាំចូល និងការបណ្ដាក់ទុន នៅក្នុងឧបទ្វីបគ្រីមៀរ ដែលបានចូលជាធរមាន តាំងពីឆ្នាំ២០២១៤ នឹងត្រូវពង្រីកបន្ថែមទៀត ទៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយក្រុមនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ុស្ស៊ី៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។