តារា ជនល្បី

អតីតបវរកញ្ញាអ៊ុយក្រែន ដែលដៃកាន់អាវុធ ចេញមុខ​សារភាព…

រូបភាពរបស់​នាង «Anastasiia Lenna» អតីតបវរកញ្ញាអ៊ុយក្រែន ដែលដៃកាន់កាំភ្លើង បានបង្កឲ្យមាន​ការកោតសរសើរនាង មិនស្ទើរទេ ចំពោះអ្វីមួយ ដែលក្រុមអ្នកគាំទ្រ​នាង ហៅថា ជាទង្វើស្នេហាជាតិ​របស់កុលធីតាមួយរូប នៅចំពោះការឈ្លានពាន​ប្រទេសនាង ពីសំណាក់កងទ័ពរ៉ុស្ស៊ី។

រូបភាពនោះ ត្រូវបាន​អតីតបវរកញ្ញា អាយុ៣១ឆ្នាំ បង្ហោះនៅលើទំព័រអ៊ិនស្ដាហ្គ្រាម​របស់នាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺនៅថ្ងៃទី១ នៃសង្គ្រាមឈ្លានពាន និងប៉ុន្មានម៉ោងក្រោយ​ការសម្រេច របស់ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine)។ បណ្ដាអ្នកគាំទ្​រទាំងឡាយ បានគិតថា រូបនាងទំនងជា បានចូលរួមប្រយុទ្ធ ជាមួយនឹងកងទ័ព​របស់ប្រទេសនាង ជាក់ជាមិនខាន។

តែមិនដូច្នេះទេ ! នៅយប់ថ្ងៃ២៨ ខែកុម្ភៈ នាង«Anastasiia Lenna» ដែលបានពាក់ម្កុដ ជារាជនីសម្ផស្សអ៊ុយក្រែន នៅឆ្នាំ២០១៥ បានចេញមុខមកបកស្រាយថា នាងមិនបានចូលរួម នៅក្នុងការប្រយុទ្ធ ជាមួយកងទ័ពអ៊ុយក្រែនទេ តែការស្លៀកពាក់​ដៃកាន់កាំភ្លើង រួចបង្ហោះ​នៅលើបណ្ដាញសង្គម គឺជាការផ្ដល់ជាគំនិត និងទឹកចិត្ត ទៅដល់បណ្ដាជន​ទាំងឡាយ ខណៈកាំភ្លើង​ដែលនាងកាន់ គ្រាន់តែកាំភ្លើងជ័រ​មួយប៉ុណ្ណោះ។

តាមរយៈទំព័រអ៊ិនស្ដាហ្គ្រាមផ្លូវការដដែល អតីតបវរកញ្ញាអ៊ុយក្រែន បានសរសេរឲ្យដឹងថា៖

«ខ្ញុំមិនមែនទាហានទេ។ តែខ្ញុំគ្រាន់តែជាស្ត្រីម្នាក់ ជាមនុស្សសាមញ្ញម្នាក់ ដូចមនុស្សដទៃទៀត នៅក្នុងប្រទេសខ្ញុំ។ គ្រប់រូបថតទាំងអស់ នៅលើទំព័ររបស់ខ្ញុំ មានបំណងដើម្បីផ្ដល់ជាគំនិត និងទឹកចិត្ត ទៅដល់បណ្ដាជន។ ខ្ញុំមិនបានធ្វើការឃោសនាទេ។ ហើយខ្ញុំមានបំណង ចង់បង្ហាញថាស្ត្រីអ៊ុយក្រែនទាំងអស់ មានស្មារតីរឹងប៉ឹង និងប្រាកដក្នុងចិត្តណាស់៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។