បន្ទាប់ពីរងការចាប់ខ្លួន ពីសំណាក់អាជ្ញាធរអង់គ្លេសរួច លោក ជូលៀន អាសាញ (Julian Assange) ស្ថាបនិក«វីគីលីគ (WikiLeaks)» បានរងការចោទប្រកាន់ជាថ្មី ពីសំណាក់ប្រព័ន្ធយុត្តិធម៌ នៃប្រទេសស៊ុយអែដ ទាក់ទងនឹងសំនុំរឿងចាប់រលោភ ដដែលមួយ ដែលកើតឡើង តាំងពីច្រើនឆ្នាំកន្លងទៅ។
ស្ត្រីម្ចាស់បណ្ដឹង នៅក្នុងសំនុំរឿងនេះ បានអះអាងថា រូបនាងដែលនៅពេលនោះ មានអាយុជាង៣០ឆ្នាំ ត្រូវបានលោក ជូលៀន អាសាញ ចាប់បង្ខំដើម្បីរួមរ័ក្ស ដោយមិនពាក់ស្រោម បន្ទាប់ពីនាងបានជួបបុរសរូបនេះ នៅក្នុងសន្និសីទមួយ នារាជធានី ស្ដុកខូល។
តែការចោទប្រកាន់នេះ ត្រូវបានស្ថាបនិក វីគីលីគ ច្រានចោល ដោយអះអាងពីការរួមរ័ក្ស ដែលស្ត្រីខាងលើ បានយល់ព្រម និងគ្មានការចាប់បង្ខំទេ។
រាជអាជ្ញារង នៃប្រទេសស៊ុយអែដ អ្នកស្រី «Eva-Marie Persson» បានថ្លែងនៅរសៀលនេះ ពីការសម្រេចបើកសំនុំរឿងនេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានមួយ ដូច្នេះថា៖
«បន្ទាប់ពីបានសិក្សា ទៅលើការស៊ើបអង្កេតបឋម ខ្ញុំបានសន្និដ្ឋានថា វានៅតែមានមូលហេតុ ក្នុងការដាក់សង្ស័យ ទៅលើលោក អាសាញ ពីបទបានប្រព្រឹត្តិទង្វើរំលោភ។»
អ្នកស្រីបន្តថា៖
«ដោយសារលោក អាសាញ កំពុងជាប់ឃុំ នៅក្នុងចក្រភពអង់គ្លេស អញ្ចឹងវាមានលទ្ធភាពច្រើន ក្នុងការចាប់បញ្ជូនខ្លួនលោក មកកាន់ប្រទេសស៊ុយអែដ តាមរយៈដីកាឲ្យចាប់ខ្លួនមួយ ដែលនឹងត្រូវធ្វើ ក្នុងក្របខណ្ឌអ៊ឺរ៉ុប។»
កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ប្រព័ន្ធតុលាការស៊ុយអែដ បានបិទសំនុំរឿងនេះរួចហើយ ដោយសារ«អវត្តមាន» របស់លោក អាសាញ ដែលធ្វើឲ្យការស៊ើបអង្កេត មិនមានភាពរីកចម្រើនទៅមុខ។
ស្ថាបនិកគេហទំព័រ «WikiLeaks» ដែលល្បីខាងទម្លាយឯកសារសម្ងាត់ការទូត ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមេសាកន្លងមក ពីក្នុងស្ថានទូតអេក្វាទ័រ ប្រចាំក្នុងរាជធានី ឡុងដ៍ បន្ទាប់ពីលោកបានជ្រកកោន អស់រយៈពេល៨ឆ្នាំរួច។
ការចាប់ខ្លួនលោក អាសាញ នោះ ធ្វើឡើងតាមដីកា របស់តុលាការអង់គ្លេស ដែលចោទលោក ពីបទរំលោភលើលក្ខខណ្ឌ នៃការដោះលែងជាបណ្ដោះអាសន្ន ឲ្យនៅក្រៅឃុំ។
ប៉ុន្តែលោក អាសាញ នៅរងដីកាឲ្យចាប់បញ្ជូនខ្លួនមួយទៀត របស់តុលាការសហរដ្ឋអាមេរិក ដែលបានសង្ស័យរូបលោក ពីបទប្លន់ទិន្នន័យព័ត៌មានវិទ្យា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីមុននេះបន្តិច នាយកគ្រប់គ្រងការផ្សាយ របស់គេហទំព័រ «វីគីលីគ» បានចាត់ទុកការបើកសំនុំរឿងឡើងវិញ ពីសំណាក់ប្រព័ន្ធយុត្តិធម៌ស៊ុយអែដ ថាបានធ្វើឡើង ក្រោម«សម្ពាធនយោបាយ»។
ក្រុមអ្នកគាំទ្រលោក អាសាញ បានបរិហារ ពីចំណាត់ការទាំងឡាយ តាមផ្លូវតុលាការ ទៅលើបុរស អាយុ៤៧ឆ្នាំរូបនេះ ថាជា«ឈុតឆាក» ក្នុងគោលដៅបញ្ជូនខ្លួនលោក ទៅកាន់សហរដ្ឋអាមេរិក៕