ពិភពលោក

ហោះ​ត្រឡប់​មក​ចុះចត​វិញ ព្រោះ… បង្គន់​ខូច​ទាំងអស់!

យន្ដហោះប្រភេទ «Airbus» មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស បានបង្ខំចិត្ត ហោះ​ត្រឡប់​មក​ចុះចត​វិញ នៅព្រលានយន្ដហោះក្រុង ហ្សូរីស (Zurich) វិញ កាលពីថ្ងៃសុក្រមុន ក្រោមហេតុផលថា បង្គន់ទាំង៧នៅក្នុងយន្ដហោះ បានគាំងលែងដំណើរការ នៅខណៈយន្ដហោះ កំពុងហោះហើរឆ្ពោះទៅកាន់ក្រុង មីអាមី សហរដ្ឋអាមេរិក។

ហេតុការណ៍នេះ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង ជាអ្នកអះអាងបន្ថែម បន្ទាប់ពីគេហទំព័រមួយចំនួន បានរាយការណ៍ឲ្យដឹង ក្នុងជំហ៊ានដំបូងរួច។

ស្រង់សំដីដោយសារព័ត៌មាន ក្នុងប្រទេសស្វីស លោក «Stefan Vasic» អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានថ្លែងថា នៅទីបំផុត អ្នកដំណើរទាំង២៣៦នាក់ ដែលជិះនៅក្នុងយន្ដហោះ បានធ្វើដំណើរ ទៅដល់សហរដ្ឋអាមេរិក នៅ៨ម៉ោង យឺតជាពេលវេលា ដែលបានគ្រោងទុក។

អ្នកនាំពាក្យពន្យល់ថា បន្ទប់ទឹកបានគាំង លែងមានដំណើរការ ដោយសារមានបញ្ហាបច្ចេកទេស ផ្នែកប្រព័ន្ធបង្ហូរចេញ។ ហើយនៅពេលរកឃើញ ពីបញ្ហានេះ យន្ដហោះបានហោះទៅដល់ភាគខាងលិច នៃប្រទេសអៀឡង់រួចជាស្រេច និងនៅពេលភ្លាមៗ ក្រុមបុគ្គលិក បម្រើការនៅលើយន្ដហោះ បានបិទបង្គន់ទាំងអស់ ដោយមិនអនុញ្ញាតឲ្យភ្ញៀវ អាចចូលទៅប្រើប្រាស់ បានទៀតទេ។

នៅពេលហោះមកចុះចត នៅព្រលានយន្ដហោះអន្តរជាតិ នៃក្រុង ហ្សូរីស វិញ ប្រព័ន្ធបង្គន់អនាម័យទាំងនេះ ត្រូវបានជុសជុលបានត្រឹមត្រូវឡើងវិញ ហើយបានហោះងើបខ្លួន ចេញពីទីនោះ នៅ៤ម៉ោងក្រោយមក។ លោក «Stefan Vasic» បញ្ជាក់ទៀតថា៖

«ហេតុការណ៍របៀបនេះ មិនមែនជារឿង គួរឲ្យសប្បាយរីករាយទេ។»

យ៉ាងណា នៅក្នុងប្រវត្តិអាកាសចរណ៍ស៊ីវិល បញ្ហាដែលពាក់ព័ន្ធ បង្គន់អនាម័យនៅក្នុងយន្ដហោះ ជារឿងដែលកម្រកើតមានណាស់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។