ព្រះស្វាមីរបស់ព្រះមហាក្សត្រីយានី អេលីហ្សាបែដ ទី២ (Elizabeth 2) នៃចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ ហ្វីលីព (Philip) បានសោយទិវង្គតហើយ ក្នុងព្រះជន្មាយុ ៩៩ព្រះវស្សា។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង «Buckingham» របស់ចក្រភពអង់គ្លេស នៅមុននេះបន្តិច។
សេចក្តីប្រកាសព័ត៌មាន បានសរសេរថា៖
«ជាមួយនឹងរាជហឫទ័យក្រៀមក្រំឥតឧបមា ដែលព្រះមហាក្សត្រីយានីមានព្រះសុវណ្ណី ប្រកាសឲ្យដឹងអំពីការសោយទិវង្គត របស់ព្រះអង្គម្ចាស់ ហ្វីលីព។»
ព្រះបរមរាជវាំង បានអះអាងទៀតថា ព្រះអង្គម្ចាស់បានលាចាកលោក យ៉ាងស្ងប់ស្ងៀម នៅវេលាព្រឹកថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១នេះ ក្នុងរាជដំណាក់ «Windsor» ស្ថិតនៅខាងលិចរាជធានី ឡុងដ៍។
សារព័ត៌មានអង់គ្លេសបានផ្សាយឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះអង្គម្ចាស់ត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលអន្តរាគមន៍ ពីសំណាក់គ្រូពេទ្យ ជុំវិញអាការៈបេះដូងរបស់ទ្រង់។ ព្រះអង្គម្ចាស់បានចាកចេញពីមន្ទីរពេទ្យវិញ នៅថ្ងៃទី១៦ ខែមីនា និងបានយាងទៅគង់ក្នុងរាជដំណាក់ «Windsor» តាំងពីពេលនោះមក។
រាប់ពីឆ្នាំ២០១៧មក ព្រះអង្គម្ចាស់ ហ្វីលីព បានចូលគង់ព្យាបាលព្រះសុខភាព នៅឯមន្ទីរពេទ្យជាច្រើនដង ដោយមានអាការៈ«ជំងឺដដែលៗ»។
ព្រះអង្គម្ចាស់ បានបំបែកឯតទគ្គកម្ម នៃមហេសីឬស្វាមី របស់ព្រះមហាក្សត្រ ឬព្រះមហាក្សត្រីយានីអង់គ្លេស ដែលមានព្រះជន្មាយុវែងបំផុត បន្ទាប់ពីព្រះអង្គម្ចាស់ក្សត្រី «Charlotte» មហេសីរបស់ព្រះមហាក្សត្រ «George III»។
បន្ទាប់ពីបានរៀបអភិសេក ជាមួយព្រះមហាក្សត្រីយានី អេលីហ្សាប៊ែដទី២ ក្នុងឆ្នាំ១៩៤៧រួច ព្រះអង្គម្ចាស់ ហ្វីលីព បានមានបន្ទូលពន្យល់ ទៅលេខាធិការឯកជនរបស់ព្រះអង្គ គឺលោក «Michael Parker» ថា៖
«កិច្ចការទី១ ទី២ និងកិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រូវទុកព្រះមហាក្សត្រីយានី ឲ្យនៅតែអង្គឯកឡើយ។»
ព្រះមហាក្សត្រីយានី អេលីហ្សាបែដ ទី២ ក៏ធ្លាប់មានព្រះសុវណ្ណី ទទួលស្គាល់ជាសាធារណៈដែរថា ព្រះស្វាមីរបស់ព្រះនាង បានផ្ដល់ជា«កម្លាំង» និង«ការគាំទ្រ» ដល់ព្រះនាងយ៉ាងច្រើន។
ព្រះអង្គម្ចាស់ បានប្រសូតនៅក្រុង «Corfou» (នៃប្រទេសក្រិច) ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩២១ ដោយមានងារជាព្រះអង្គម្ចាស់ នៃប្រទេសក្រិក និងដាណឺម៉ាក។
នៅពេលព្រះអង្គម្ចាស់ មានជន្មាយុ១៨ខែ ព្រះមហាក្សត្រនៃប្រទេសក្រិច ដែលត្រូវជាព្រះបិតុលារបស់ទ្រង់ ត្រូវបានបង្ខំឱ្យដាក់រាជ្យ ហើយព្រះបិតារបស់ទ្រង់ ត្រូវបានបណ្តេញចេញពីប្រទេសក្រិច បន្ទាប់ពីសង្គ្រាមរវាងប្រទេសក្រិច និងប្រទេសទួរគី។ នៅពេលនោះ ព្រះអង្គម្ចាស់ ហ្វីលីព បានចាកចេញពីប្រទេសក្រិច តាមនាវារបស់កងទ័ពអង់គ្លេស ជាមួយព្រះបិតា ព្រះមាតា រួមនឹងព្រះជេដ្ឋភគិនី (បងស្រី) ៤អង្គទៀត៕