ពិភពលោក

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ជំទាស់ ត្រាំ ដែល​ចង់​ពង្រាយ​ទ័ព​​ទប់ស្កាត់​បាតុករ

លោក ម៉ាក អេស្ព័រ (Mark Esper) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសក្នុងថ្ងៃពុធ ទី៣ ខែមិថុនានេះ «ជំទាស់»នឹងការដាក់ពង្រាយយោធា ដើម្បីទប់ស្កាត់ ចលនាបាតុកម្ម ដែលផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ដើម្បីទាមទាររកយុត្តិធម៌ ឲ្យមរណភាពរបស់លោក ជច៍ ផ្លយ (George Floyd) និងដើម្បីសំដែងការជំទាស់ ទល់នឹងការរើសអើង ពណ៌សម្បុរ ក៏ដូចជាអំពើហិង្សា ពីសំណាក់កងកម្លាំងនគរបាល។

លោក ជច៍ ផ្លយ បុរសអាមេរិកាំងស្បែកខ្មៅ អាយុ៤៦ឆ្នាំ បានទទួលមរណភាព កាលពី​យប់​ថ្ងៃចន្ទដើមសប្ដាហ៍មុន បន្ទាប់ពីលោក ត្រូវបាននគរបាល៤នាក់ ចាប់ឃាត់ខ្លួន យ៉ាងហិង្សា ក្នុងរសៀល​ថ្ងៃដដែលនោះ។

នៅចំពោះរលកបាតុកម្ម ដែលកើតឡើងជាបន្តបន្ទាប់ និងដែលប្រែក្លាយ ជាអំពើហិង្សា រវាងក្រុមបាតុករ និងក្រុមកងកម្លាំងនគរបាលនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានព្រមានកាលពីថ្ងៃចន្ទ ថាលោកនឹងដាក់ពង្រាយកងទ័ព ដើម្បីអ្វីមួយ ដែលលោកថា ជាដំណោះស្រាយ ឲ្យបានឆាប់រហ័ស ទល់នឹងបញ្ហាទាំងនេះ។

ក្រុមអ្នកនយោបាយប្រឆាំង បានបរិហារការលើកឡើង របស់លោក ត្រាំ ថាជាការបោះជំហាន ឈានទៅរក«ភាពផ្ដាច់ការ»។ 

សម្រាប់លោក ម៉ាក អេស្ព័រ បានបញ្ជាក់ជំហររបស់លោកថា លោកមិនគាំទ្រ ឲ្យប្រកាសភាពអាសន្ន សម្រាប់សហរដ្ឋអាមេរិក នោះឡើយ។ ប្រមុខមន្ទីរប៉ង់តាហ្គោន (The Pentagon – ក្រសួងការពារជាតិ) បានថ្លែងថា៖

«ជម្រើស​ក្នុងការ​ប្រើ​កង​កម្លាំងទ័ព​ ដែល​ត្រូវបំពេញ​ភារកិច្ច​ ក្នុងការ​អនុវត្ត​ច្បាប់ គួរតែ​ត្រូវបាន​ប្រើ​ ជា​ជម្រើស​ចុងក្រោយ​បំផុត ហើយប្រើ​ តែ​នៅ​ក្នុង​ស្ថានការណ៍​បន្ទាន់ និង​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ។ ឥឡូវនេះ សហរដ្ឋអាមេរិក​មិន​ស្ថិត ​នៅក្នុង​ស្ថានការណ៍​ណា​មួយ ក្នុង​ចំណោម​ស្ថានការណ៍​ ខាងលើ​នេះ​ទេ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។