ពិភពលោក

បៃដិន នឹងចូលរួមជំនួបកំពូល រវាង«NATO»​និង«EU» នៅព្រុចសែល

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចូលរួមជំនួបកំពូល រវាងអង្គការ«NATO»និងសហភាពអ៊ឺរ៉ុប«EU» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៤ ខែមីនាខាងមុខ ក្នុងរាជធានីព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីបញ្ជាក់ជាថ្មីទៀត អំពី«ការប្ដេជ្ញាចិត្ត ដោយមិនរាថយ» ពីសំណាក់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី «Jen Psaki» នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

ជំនួបកំពូលនោះ ត្រូវបានកោះធ្វើជាលក្ខណៈបន្ទាន់ ដោយអគ្គលេខាធិការរបស់អង្គការ «NATO» លោក «Jens Stoltenberg» នៅក្នុងបរិបទនៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ពីសំណាក់កងទ័ពរ៉ុស្ស៊ី ដែលបានធ្វើចូលមកដល់ថ្ងៃទី២១ ហើយ មកទល់នឹងថ្ងៃពុធនេះ។

សម្រាប់លោកអគ្គលេខាធិការ បានឲ្យដឹងទៀតថា ជំនួបរវាងមេដឹកនាំ មកពីបណ្ដាប្រទេសជាសមាជិកអង្គការ«NATO» និងសហភាពអ៊ឺរ៉ុប នឹង«បញ្ជាក់ឲ្យច្បាស់» អំពី​«ការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រទេសអ៊ុយក្រែន» និងដើម្បីស្វែងរកដំណោះស្រាយ ជុំវិញ«ការពង្រឹងកម្លាំងនុយក្លេអ៊ែរ និងប្រព័ន្ធការពារសន្តិសុខ​របស់អង្គការ “NATO” ដើម្បីប្រឈមនឹងសភាពការណ៍ថ្មីៗ»។

អ្នកស្រី «Jen Psaki»  បានបន្ថែមថា ក្នុងថ្ងៃទី២៤ ខែមីនាដដែលនោះ ប្រធានាធិបតីអាមេរិកគ្រោងចូលរួម​ក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋ និងរដ្ឋាភិបាល នៃសហភាពអ៊ឺរ៉ុប ដែលនឹងធ្វើឡើង មានគោលបំណងដើម្បីកិច្ចប្រឹងប្រែង ក្នុងការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី ក៏ដូចជាផ្ដល់នូវជំនួយមនុស្សធម៌ ទៅដល់ជនរងរងគ្រោះ ដោយសារសង្គ្រាម៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។