ពិភពលោក

អតីតប្រធានាធិបតី អូបាម៉ា ចេញមុខ​ប្រតិកម្មលើករណី ជច៍ ផ្លយ

លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បាន​ចេញ​មុខធ្វើប្រតិកម្ម ចំពោះ​ការស្លាប់ របស់លោក ជច៍ ផ្លយ (George Floyd) កាលពី​ថ្ងៃចន្ទទី២៥ ខែឧសភា បន្ទាប់ពីបុរស​អាមេរិកាំង-​ស្បែកខ្មៅរូបនេះ ត្រូវក្រុម​ភ្នាក់ងារ​នគរបាល ៤នាក់ ចាប់ឃាត់ខ្លួន យ៉ាងហិង្សា ដោយសង្កត«ក»។ សម្រាប់លោក​អតីត​ប្រធានាធិបតី ការឃាត់ខ្លួន​របៀបនេះ មិនគួរត្រូវចាត់ទុក ថាជារឿង«ធម្មតា»នោះឡើយ។

ប្រធានាធិបតីអាមេរិក ជំនាន់ទី៤៤ និងជាប្រធានាធិបតីស្បែកខ្មៅ លើកដំបូង របស់ប្រទេសមហាអំណាច បានថ្លែងដូច្នេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដ៏វែងមួយ ដែលចេញផ្សាយ នៅថ្ងៃសុក្រទី២៩ ខែឧសភា។ លោកថា៖

«ករណីនេះ មិនគួរត្រូវបានចាត់ទុក ថាជារឿង”ធម្មតា” នៅក្នុងប្រទេសអាមេរិក ឆ្នាំ២០២០នេះឡើយ។ វាមិនអាច​ជារឿង​”ធម្មតា”​បានទេ។»

លោក អូបាម៉ា បន្តថា៖

«ប្រសិនជាយើង ចង់ឲ្យកូនចៅជំនាន់ក្រោយ របស់យើង ធំដឹងក្ដីឡើង នៅក្នុង​ប្រទេស​មួយ ដែលសក្ដិសម នឹងឧត្ដមគតិខ្ពស់បំផុត របស់ខ្លួន យើងមានលទ្ធភាព និងត្រូវធ្វើ ឲ្យបានប្រសើរ​ជាងនេះ។»

នៅក្នុងលិខិតដដែល លោកអតីតប្រធានាធិបតី បានបង្ហាញអំពី អារម្មណ៍«ទុក្ខព្រួយរួម» ដូចគ្នានឹងអារម្មណ៍ របស់​មនុស្ស​ជាច្រើនលាននាក់ ផ្សេងទៀត នៅចំពោះការស្លាប់ របស់​លោក ជច៍ ផ្លយ ដែលបង្កឲ្យមានបាតុកម្ម និងអំពើហិង្សា ជាបន្តបន្ទាប់ ក្នុងសហរដ្ឋ​អាមេរិក ចាប់ពីថ្ងៃពុធ ទី២៧ ខែឧសភានេះមក៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។