ពិភពលោក

បាញ់ប្រហារ​ជាថ្មី​នៅ​អាមេរិក ៩នាក់​​ស្លាប់ ខណៈ​ខ្មាន់កាំភ្លើង​ត្រូវបង្ក្រាប

ប៉ុន្មានម៉ោងក្រោយហេតុការណ៍ នៅក្រុង «El Paso» រដ្ឋតិចសាស់ សហរដ្ឋអាមេរិកបាន​ជួប​រឿង​បាញ់ប្រហារ​ជាថ្មីទៀត នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) ដែលបង្កឲ្យមានមនុស្ស ៩នាក់​ស្លាប់ និងច្រៀននាក់ទៀត រងរបួស។ ខ្មាន់កាំភ្លើង ត្រូវបានអាជ្ញាធរបាញ់សម្លាប់។

នគរបាលតំបន់បានឲ្យដឹង នៅលើទំព័រទ្វីសធើរបស់ខ្លួនថា៖

«ខ្មាន់កាំភ្លើងបានស្លាប់ហើយ។ តែមានមនុស្ស៩នាក់ទៀត ក៏បានស្លាប់ដែរ ខណៈមានយ៉ាងហោច១៦ផ្សេង បានរងរបួស និងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។»

«៩នាក់​ស្លាប់»

លោក «Matt Carper» នាយនគរបាលក្រុង បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការបាញ់ប្រហារបានកើតឡើង នៅវេលាម៉ោងជាង១ទាបភ្លឺ ក្នុងយប់ថ្ងៃសៅរ៍ ចូលមកព្រឹកថ្ងៃអាតិត្យ ក្នុងសង្កាត់ដ៏អ៊ូអរមួយ នៃសង្កាត់ «Oregon» ក្នុងក្រុង «Dayton (ភាគខាងជើង)» រដ្ឋអូហៃយ៉ូ។

លោកបន្តថា៖

«ខ្មាន់កាំភ្លើងបានស្លាប់ ដោយសារមុខរបួសរបស់ខ្លួន ដែលរងគ្រាប់កាំភ្លើង ពីកងកម្លាំងនគរបាល ក្នុងការបាញ់តបទៅវិញ។»

នាយនគរបាលរូបនេះ បញ្ជាក់ទៀតថា មិនមានភ្នាក់ងារនគរបាលណាស់ រងរបួសទេ នៅក្នុងការបាញ់ឆ្លើយឆ្លងគ្នានោះ។

លោកថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ នៅតាមដងផ្លូវ ជាមួយនឹងកាំភ្លើងវែងមួយដើម ដែលមានគ្រាប់ជាច្រើន។ លោក «Matt Carper» បន្តទៀតថា៖

«ជាសំណាងល្អ យើងមានភ្នាក់ងារនគរបាលជាច្រើននាក់ កំពុងមានវត្តមាន នៅក្នុងសង្កាត់ នៅពេលហេតុការណ៍បានកើតឡើងភ្លាម ហើយការបាញ់ឆ្លើយឆ្លងគ្នា បានកើតឡើង ត្រឹមរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។»

«ជាហេតុការណ៍ ដ៏អកុសល់ ហើយយើងអនុវត្តគ្រប់មធ្យោបាយ ដែលយើងមាន ដើម្បីកំណត់ពីអ្វី ដែលស្ថិតនៅពីក្រោយសកម្មភាព របស់ខ្មាន់កាំភ្លើង (…) ជាការពិតហើយ យើងបានសាកសួរសាក្សីជាច្រើន និងភ្នាក់ងារនគរបាល ដើម្បីស្រាវជ្រាវឲ្យដឹងថា តើមាននរណាផ្សេង ចូលរួមក្នុងការបាញ់ប្រហារនេះ។»

នៅខណៈនេះ អាជ្ញាធរកំពុងធ្វើការកំណត់ ពីអត្តសញ្ញាណ របស់ខ្មាន់កាំភ្លើង ហើយភ្នាក់ងារសហព័ន្ធ «FBI» ក៏មានវត្តមាន នៅនឹងកន្លែងកើតហេតុដែរ ដើម្បីផ្ដល់ជំនួយបច្ចេកទេស សម្រាប់នគរបាលក្រុង។

លោកនាយនគរបាល បានបន្តទៀតថា សង្កាត់ «Oregon» ត្រូវបានគេស្គាល់ថា ជាសង្កាត់ដែលមានសុវត្ថិភាព ក្នុងចំណោមសង្កាត់ ដ៏សំខាន់ទាំងអស់ របស់ក្រុង «Dayton»។

ហេតុការណ៍បាញ់ប្រហារ ក្នុងរដ្ឋអូហៃយ៉ូ កើតឡើងប៉ុន្មានម៉ោង ក្រោយព្រឹត្តិការណ៍បាញ់ប្រហារ នៅក្រុង «El Paso» ក្នុងរដ្ឋតិចសាស់ ដែលបានបណ្ដាលឲ្យមនុស្ស ២០នាក់ស្លាប់ និង២៦នាក់ទៀតរងរបួស។ ខ្មាន់កាំភ្លើង នៅក្រុង «El Paso» ត្រូវបានចាប់ខ្លួនយកទៅឃុំ និងសង្ស័យថា បានធ្វើសកម្មភាព ព្រោះការរើសអើងជាតិសាសន៍៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។