ប្រធានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិក អ្នកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រកាស ក្នុងថ្ងៃចន្ទទី ២៧ ខែមេសានេះ គាំទ្របេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដេន (Joe Biden) ដែលមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា។
អ្នកស្រី ប៉េឡូស៊ី បានប្រកាសដូច្នេះ នៅក្នុងវីដេអូមួយ ដែលអ្នកស្រីធ្វើចេញ ពីក្នុងគេហដ្ឋានរបស់អ្នកស្រី ក្រោមហេតុផលជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទះ ដើម្បីបង្ការជំងឺ«Covid-19»។
អ្នកស្រីប្រធានសភាអាមេរិក បានថ្លែងឡើងថា៖
«ថ្ងៃនេះ ខ្ញុំមានមោទនភាព ដោយសូមប្រកាសគាំទ្រ លោក ចូ បៃដេន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ព្រោះខ្ញុំជឿជាក់ថា លោកនឹងធ្វើជាប្រធានាធិបតី ដ៏ល្អអស្ចារ្យមួយរូប។»
លោក បៃដេន អាយុ៧៧ឆ្នាំ បានក្លាយជាបេក្ខជនតែម្នាក់គត់ របស់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីបេក្ខជនម្នាក់ទៀត មកពីគណបក្សតែមួយ គឺលោក ប៊ែនី សេនឌើរ (Bernie Sanders) បានប្រកាសឈប់ធ្វើយុទ្ធនាការ កាលពីដើមខែកន្លងមក។
ប៉ុន្តែលោក បៃដេន នៅមិនទាន់ក្លាយ ជាបេក្ខជនពេញសិទ្ធិនៅឡើយ ដោយត្រូវរង់ចាំ ឲ្យគណបក្សតែងតាំងលោក ជាផ្លុវការ ក្នុងមហាសន្និបាតគណបក្ស ដែលនឹងត្រូវធ្វើ នៅខែសីហាខាងមុខ។
អតីតអនុប្រធានាធិបតី ជំនាន់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ត្រូវបានគេចាត់ទុកថា ជាបេក្ខជននៃការបង្រួបបង្រួម អ្នកបោះឆ្នោតនិយមឆ្វេង និងនិយមកណ្ដាល ដើម្បីយកឈ្នះលើលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតប្រធានាធិបតី នៅចុងឆ្នាំ២០២០នេះ។ លោក បារ៉ាក់ អូបាម៉ា ខ្លួនលោក ក៏បានប្រកាសគាំទ្រលោក បៃដេន កាលពីពីរសប្ដាហ៍ កន្លងទៅដែរ។
វិបត្តិជំងឺ «Covid-19» ដែលកំពុងរាតត្បាតសហរដ្ឋអាមេរិក បានតម្រូវឲ្យបណ្ដាជនអាមេរិក ដាក់ខ្លួនសំងំនៅក្នុងផ្ទះ ហើយយុទ្ធនាការទាំងឡាយ ដែលឈានទៅរកការបោះឆ្នោតប្រធានាធិបតី ត្រូវបានផ្អាក។ សម្រាប់លោក បៃដេន បានបញ្ចេញសម្លេងរបស់លោក ទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត តាមរយៈតែវីដេអូ ដែលលោកថតចេញ ពីក្រោមគេហដ្ឋានរបស់លោក៕