លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលទីបំផុតបានឈ្នះ ទៅលើលោក ចូ បៃដិន (Joe Biden) ត្រូវបានប្រកាសដោយលោក មៃ ផេន (Mike Pence) ប្រធានអង្គប្រជុំនៃសភាទាំងពីរថ្នាក់ និងជាអនុប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលបានចាញ់ឆ្នោត។
សេចក្ដីប្រកាសរបស់លោក មៃ ផេន ធ្វើឡើងក្នុងយប់ថ្ងៃពុធ ទី៦ ខែមករាចូលមកព្រឹកថ្ងៃព្រហស្បត្តិ ទី៧ ខែមករា ឆ្នាំ២០២១នេះ នៅក្រោយការរាប់សន្លឹកឆ្នោត របស់អង្គបោះឆ្នោត ដែលត្រូវបានបញ្ជូនមក ពីតាមបណ្ដារដ្ឋនានា នៃសហរដ្ឋអាមេរិក។
ក្នុងព្រឹកថ្ងៃពុធ នៅមុនកិច្ចប្រជុំនៃសភាទាំងពីរថ្នាក់ចាប់ផ្ដើម លោក មៃ ផេន បានជូនដំណឹងតាមបណ្ដាញសង្គម ក៏ដូចជាជូនដំណឹងទៅលោក ដូណាល់ ត្រាំ ថាលោកបានជ្រើសរើស គោរពតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ក្នុងការប្រកាសលទ្ធផលទាំងនេះ ក្នុងនាមជាប្រធានអង្គប្រជុំ។
បើតាមការរាប់សន្លឹកឆ្នោត សរុបមកពីគ្រប់រដ្ឋ បង្ហាញថា លោក ចូ បៃដិន ទទួលបាន៣០៦សម្លេង ឈ្នះដាច់ពីលើលោក ត្រាំ ទទួលបាន២៣២សម្លេង។
អង្គប្រជុំនៃសភាទាំងពីរថ្នាក់ ត្រូវបានរំខាន និងអាក់ខាន នៅវេលារសៀលថ្ងៃពុធ បន្ទាប់ពីការទន្ទ្រានកាប់កាប់ វិមានកាពីតូល (នៃសភាទាំងពីរថ្នាក់) ពីសំណាក់ក្រុមអ្នកគាំទ្រលោក ត្រាំ។ វិមានកាពីតូល ដែលត្រូវបានចាត់ទុកថា ជាសរសរទ្រូងនៃលទ្ធិប្រជាធិបតេ្យ របស់ប្រទេសមហាអំណាច។
ប៉ុន្តែ បន្ទាប់កងកម្លាំងនគរបាល ដែលមានជំនួយពីយោធាផង បានបណ្ដេញក្រុមនុស្សទាំងនោះចេញ និងគ្រប់គ្រងវិមានកាពីតូលបានឡើងវិញ ក្រុមអ្នកតំណាងរាស្ត្រ សមាជិកសភាព និងសមាជិកព្រឹទ្ធសភា បាននាំគ្នាត្រឡប់ចូលមកប្រជុំវិញ និងបានបញ្ចប់កិច្ចរាប់សន្លឹកឆ្នោត រហូតដល់ចប់ចុងចប់ដើម៕