ពិភពលោក

Covid-19៖ មនុស្សស្លាប់​នៅ​អ៊ីតាលី ថយចុះ​ក្រោម​១០០នាក់ ជាលើកទី១

ជាលើកទី១ តាំងពីការរាតត្បាត បានគ្របសង្កត់ ទៅលើប្រទេសអ៊ីតាលី ក្នុងរយៈពេល​ជាង​២ខែ​មកនេះ។ តុល្យភាព​មនុស្សស្លាប់ បានថយចុះ នៅក្រោម១០០នាក់ ពោល​មាន​ចំនួន ត្រឹម៩៩នាក់។ នេះ បើតាម​តួលេខ​ផ្លូវការ របស់​អាជ្ញាធរ​សុខាភិបាល​អ៊ីតាលី ដែលផ្សាយឲ្យដឹង កាលពី​យប់​ថ្ងៃទី​១៨ ខែឧសភា។

តុល្យភាពកន្លងមក ដែលមានចំនួន ទាបជាង១០០នាក់ គឺនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដែលកាលនោះ មានអ្នកស្លាប់ចំនួន ៩៧នាក់ នៅខណៈពេល ដែលប្រទេសមួយនេះ ចាប់ផ្ដើម​រងគ្រោះ យ៉ាងពេញ​ទំហឹង ចំពោះការរាតត្បាត នៃជំងឺ«Covid-19» និងបង្ខំ​ឲ្យរដ្ឋាភិបាល​អ៊ីតាលី ត្រូវបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ ដ៏ចង្រៃនេះ។

មកដល់ថ្ងៃនេះ អ្នកជំងឺស្លាប់សរុប នៅអ៊ីតាលី មានចំនួន ៣២ ០០៧នាក់ ពីក្នុង​ចំណោម​ករណីឆ្លង មានប្រមាណជិត ២២៦ ០០០នាក់។ ប្រទេស​ក្នុងទ្វីបអ៊ឺរ៉ុបខាងត្បូង មួយនេះ ​ត្រូវបានមេរោគ «Covid-19» វាយលុកខ្លាំង ចាប់ពីពាក់កណ្ដាល​ខែកុម្ភៈ ចេញពី​តំបន់ «Lombardie» ដែលស្ថិតនៅ ភាគខាងជើងប្រទេស។

រយៈពេលនៃការបិទប្រទេស ដែលមានរយៈពេលជាង២ខែ បានបំបាក់ ប្រទេសអ៊ីតាលី ដែលធ្លាប់ជាមហាអំណាច ខាងសេដ្ឋកិច្ច ឲ្យតក់ស្លុត សឹងតែនៅលើគ្រប់វិស័យ។

ប៉ុន្តែ​ចាប់ពី​ថ្ងៃទី៤ ខែឧសភានោះមក រដ្ឋាភិបាលបានប្រកាស បើកប្រទេសឡើងវិញ ដោយចាប់ផ្ដើមបើកឲ្យដំណើរការ នូវហាងលក់ទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន និងទីលានជួបជុំធំៗ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។