ពិភពលោក

ចូ បៃដិន អះអាង​​«មិនលេបសម្ដី»​លោក ដែលវាយប្រហារ វ្លាឌីមៀរ ពូទីន

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹង«មិនលេបសម្ដី»របស់លោក ដែលបានថ្លៃងក្នុងដំណើរទស្សនកិច្ច ក្នុងប្រទេសប៉ូឡូញ និងដែលធ្វើឲ្យមានការបកស្រាយថា លោកចង់ឱ្យប្រធានាធិបតីរ៉ុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Poutine) ចេញពីអំណាចនោះ។

បើតាមការថ្លែងរបស់លោក បៃដិន នៅមុខអ្នកសារព័ត៌មាន បានឲ្យដឹងថា សំដីរបស់លោកជាការស្ដែងចេញ នូវ”ការខឹងសម្បារ”ផ្ទាល់ខ្លួន និងមិនមែនជា “គោលនយោបាយ” នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការផ្លាស់ប្តូររបបដឹកនាំ នៅក្រឹមឡាំងនោះឡើយ។ ប្រធានាធិបតីអាមេរិកបានអះអាងថា លោកនឹង«មិនលេបសម្ដី» ហើយក៏«មិនសុំទោស»អ្វីដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក កាលពីថ្ងៃសៅរ៍កន្លងមក នៅក្នុងរដ្ឋធានីវ៉ាសូវី ប្រទេសប៉ូឡូញ លោកប្រធានាធិបតី បៃដិន បានលើកឡើងថា៖

«ដើម្បីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ បុរសម្នាក់នេះ (វ្លាឌីមៀរ ពូទីន) មិនអាច​នៅកាន់អំណាចបន្តទៀតទេ។»

មួយឃ្លានេះ មិនត្រឹមតែបង្កឲ្យមានប្រតិកម្ម ពីសំណាក់វិមានក្រឹមឡាំងប៉ុណ្ណោះទេ តែបានបង្កភាពប្រទាំងប្រទើស ទៅដល់បណ្ដាប្រទេសសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកនោះផងដែរ។ អ្នកជំនាញច្រើននាក់​នៅបស្ចឹមលោក បានលើកឡើង​ជាបន្តបន្ទាប់ថា សេចក្តីប្រកាសរបស់លោក បៃដិន មានសភាពផ្ទុយ​នឹងការខិតខំ​ប្រឹងប្រែង​របស់បស្ចិមលោក ដែលព្យាយាមបង្ហាញពីភាពខុសច្បាប់ នៃការលើកកងទ័ពរ៉ុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន។

នៅចំពោះការលើកឡើងខាងលើ ប្រធានាធិបតីអាមេរិកបានតបវិញថា លោកមិនគិតថា​សម្ដីរបស់លោកប៉ុណ្ណេះ អាចជាលេសដើម្បីឲ្យលោក ពូទីន លើកកងទ័ពប្រកាសសង្គ្រាម ចូលក្នុងប្រទេស​អ៊ុយក្រែនដូច្នេះឡើយ។ លោក បៃដិន បន្តឆ្លើយនឹងសំនួរអ្នកកាសែតទៀតថា លោកមិនខ្វល់នឹងលោក ពូទីន ដែលអាចគិតយ៉ាងណា ចំពោះសម្ដីរបស់លោកនោះទេ។ លោកថា៖

«គាត់ (វ្លាឌីមៀរ ពូទីន) នឹងធ្វើអ្វីដែលគាត់គិតថា គាត់ត្រូវធ្វើ។ គាត់មិនត្រូវស្ថិតក្រោមឥទ្ធិពល ឬទទួលឥទ្ធិពល ពីនរណាម្នាក់ឡើយ។»

យ៉ាងណា លោក ចូ បៃដិន មិនបានច្រានចោល នូវជំនួបកំពូលណាមួយ ជាមួយប្រធានាធិបតីរ៉ុស្ស៊ី ដែលជាសមភាគីរបស់លោកនោះទេ។ ប្រធានាធិបតីអាមេរិក គ្រាន់តែនិយាយតបថា៖ 

«វា​អាស្រ័យ​លើ​អ្វី​ ដែល​គាត់​ចង់​និយាយ (នៅក្នុងជំនួបនោះ) !»

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។