លោក ចូ បៃដិន (Joe Biden) បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ វេលាម៉ោង១១ និង៤៨នាទី (ម៉ោងក្នុងស្រុក)។ សុន្ទរកថាដំបូង របស់លោក បៃដិន ត្រូវបានកត់សម្គាល់ដោយឃ្លា «ថ្ងៃនេះជា ថ្ងៃដ៏ពិសេសរបស់អាមេរិក» និង«ការរួបរួម»។
ប្រធានាធិបតីអាមេរិក ជំនាន់ទី៤៦ បានសង្កត់ធ្ងន់ថា៖
«ថ្ងៃនេះជា ថ្ងៃដ៏ពិសេសរបស់អាមេរិក (…) ជាថ្ងៃនៃលទ្ធិប្រជាធិបតេយ្យ ជាថ្ងៃប្រវត្តិសាស្ត្រ និងជាថ្ងៃនៃក្ដីសង្ឃឹម (…) នេះ មិនមែនជាជ័យជំនះ របស់បេក្ខជនមួយរូបទេ តែជាជ័យជំនះ របស់បុព្វហេតុរួមមួយ។ បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ត្រូវបានស្ដាប់ឮ (…) លទ្ធិប្រជាធិបតេយ្យ មានតម្លៃណាស់ និងមានលក្ខណៈផុយស្រួយ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យ បានឈ្នះ។»
លោក ចូ បៃដិន បានរំឭកឡើងវិញ ពីព្រឹត្តិការណ៍ទន្ទ្រានកាប់កាប់វិមានកាពីតូល (Capitole – វិមានសភាអាមេរិក) កាលពីថ្ងៃទី៦ ខែមករា ដោយបញ្ជាក់ថា អំពើហិង្សានេះ បានធ្វើឲ្យរង្គើដល់«គ្រឹះទាំងឡាយ របស់វិមានកាពីតូល»។ លោកបន្តថា៖
«មានរឿងច្រើនណាស់ ដែលត្រូវជួសជុលឡើងវិញ។»
លោកបានសម្ដែងក្ដីអំណរគុណ ទៅដល់ប្រធានាធិបតីមុនៗ ដែលបានធ្វើដំណើរ មកចូលរួមក្នុងពិធីស្បថរបស់លោក ដែលផ្ទុយស្រឡះ ពីប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump)។ ប្រធានាធិបតីមុន ដែលមានវត្តមាន រួមមានលោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក ហ្សក វលឃើ ប៊ូស (George W. Bush) និងលោក ប៊ីល ឃ្លីនតុន (Bill Clinton)។
លោក បៃដិន បានបន្លឺជាច្រើនដង ពីពាក្យ«ការរួបរួម» ដោយទំនងជាលោក ចង់សង្កត់ធ្ងន់អំពី អត្ថន័យដ៏សំខាន់ នៃពាក្យនេះ ដែលអនុញ្ញាត «ឲ្យយកឈ្នះ លើការរើសអើងស្បែកសម្បុរ និងភេរវនិយម ក្នុងស្រុក»។ លោកបញ្ជាក់ថា៖
«ខ្ញុំនឹងជាប្រធានាធិបតី នៃពលរដ្ឋអាមេរិកាំងគ្រប់រូប ទាំងពលរដ្ឋ ដែលបានគាំទ្រខ្ញុំ និងទាំងពលរដ្ឋ ដែលមិនបានគាំទ្រខ្ញុំ៕»