ពិភពលោក

ទីបំផុត ចូ បៃដិន ប្រកាសគម្រោង​ឈរឈ្មោះ សម្រាប់​អាណត្តិទី២

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមីនាថា លោក​ពិតជា​​មានគម្រោង​​ឈរឈ្មោះ សម្រាប់​អាណត្តិទី២ ដែលនឹងប្រព្រឹត្តិទៅ ក្នុងការបោះឆ្នោតជ្រើសតាំង​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២៤ខាងមុខ។

ការប្រកាសខាងលើ ធ្វើឡើងក្រោយមន្ទិលជាច្រើន ដែលបានលើកឡើងថា លោក បៃដិន ទំនងជាកាន់ដំណែង ជាប្រធានាធិបតី ត្រឹមតែមួយអាណត្តិប៉ុណ្ណោះ។ នៅចំពោះពាក្យចចាមអារាម ដែលកើតមានតាំងពីច្រើនខែមកនេះ លោក បៃដិន បានជ្រើសរើសមិនឆ្លើយតប ដោយផ្ទាល់មាត់ទេ។

តែនៅថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ លោកប្រធានាធិបតីទី៤៦ នៃប្រទេសមហាអំណាច បានលើកឡើង នៅក្នុង​សន្និសីទ​សារព័ត៌មានលើកដំបូង នាសេតវិមានថា លោកមានគម្រោង ដើម្បីបន្តឈរឈ្មោះជាប្រធានាធិបតី សម្រាប់​អាណត្តិទី២ ហើយអ្នកស្រី កាម៉ាឡា ហារី (Kamala Harris) នឹងនៅតែជា«អនុប្រធានាធិបតី»របស់លោក សម្រាប់អាណត្តិថ្មីនោះដដែលដែរ។

ប្រធានាធិបតីវ័យ៧៨ឆ្នាំ បានថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មានថា៖

«ចម្លើយរបស់ខ្ញុំ គឺបាទ ប្រាកដហើយថា ខ្ញុំនឹងឈរឈ្មោះសារជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះជាអ្វី ដែលខ្ញុំរំពឹង។»

យ៉ាងណា លោកបានឆ្លើយនឹងសំនួរខាងលើ ដោយអះអាងថា លោកចង់ឲ្យ«វាសនា»ជាអ្នកសម្រេច ហើយលោក​នឹងគោរពតាមលទ្ធផលនោះ។ លោកបន្តថា៖

«ខ្ញុំមិនដែលមានគម្រោងច្បាស់លាស់ អំពីការនៅក្នុងតំណែង សម្រាប់រយៈពេល៤ឆ្នាំកន្លះ ឬ៣ឆ្នាំកន្លះ ជាមុនទេ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: Joe BidenUSA