ពិភពលោក

អ៊ីតាលី៖ គ្រូពេទ្យស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»ឡើងវិញ

ក្រុមគ្រូពេទ្យអ៊ីតាលី បានស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»​ឡើងវិញ និងជាបន្ទាន់ ដើម្បីទប់ស្កាត់​រលកទី២ នៃការរាតត្បាតជំងឺ«Covid-19»។ ពួកគេទាំងនោះបាន​លើកឡើង​ថា ស្ថានភាព​ក្នុងប្រទេស​អ៊ីតាលី នៅពេលនោះ មានលក្ខណៈ​«គ្រប់គ្រង​លែងបាន»។

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសអ៊ីតាលីមានអ្នកជំងឺកូវីដថ្មី រវាងពី៣០០០០ ទៅ៤០០០០នាក់ ជារៀងរាល់ថ្ងៃ។ ការឆ្លងរាលដាលដ៏សម្បើម បានគម្រាមដល់​ប្រព័ន្ធទ្រទ្រង់សុខភាព នៅតាមមន្ទីរទេព្យនានា ក្នុងតំបន់ជាច្រើន និងតម្រូវឲ្យគ្រូពេទ្យ លើកពេលព្យបាល សម្រាប់អ្នកជំងឺផ្សេងទៀត។

លោកវេជ្ជបណ្ឌិត «Massimo Galli» ប្រធានការិយាល័យជំងឺឆ្លង នៃមន្ទីរពេទ្យ«Sacco» ប្រចាំក្រុងមីឡង់ ក្នុងតំបន់«Lombardie» ដែលរងគ្រោះនឹងជំងឺ«Covid-19»ជាងគេ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ម្សិលម៉ិញថា៖

«ស្ថានភាពពេលនេះ មានលក្ខណៈគ្រប់គ្រងលែងបាន។ អ្នកជំងឺផ្សេងទៀត មិនអាចផ្អាក​ជំងឺ​របស់ខ្លួន (ឬឈប់ឈឺមួយរយៈ – ន័យធៀប) ព្រោះមូលហេតុថា យើងមានអ្នក​ជំងឺកូវីដ ច្រើនលើសលប់នោះទេ។ អញ្ចឹងយើងត្រូវពិនិត្យមើល ដោយម៉ឺងម៉ាត់ ឬបើមិន​អញ្ចឹងទេ ការរាតត្បាតជាថ្មី នឹងបង្កឲ្យមានមនុស្សស្លាប់ ដ៏ច្រើន និងគួរឲ្យសោកស្ដាយ។»

គួររឭកដែរថា អ៊ីតាលីជាប្រទេសដំបូងគេ ដែលរងការឆ្លងជំងឺកូវីដ យ៉ាងសាហាវ កាលពី​ខែកុម្ភៈ ដើមឆ្នាំកន្លងមក។ ការរាតត្បាតនៅពេលនោះ បានសម្លាប់មនុស្សច្រើនជាង ៤១ ០០០នាក់ ពីក្នុង​ចំណោមអ្នកឆ្លងជំងឺ ប្រមាណជិត១លាននាក់។

ដើម្បីទប់ស្កាត់រលកទីពីរ នៃការរាតត្បាត រដ្ឋាភិបាលអ៊ីតាលី បានសម្រេកដាក់​តំបន់​ចំនួន២០ ទៅក្នុងចំណាត់ថ្នាក់បីផ្សេងគ្នា ដោយអនុលោមតាមស្ថានភាពឆ្លង ធ្ងន់ស្រាល ទៅតាមតំបន់ទាំងនោះ។ ចំណាត់ថ្នាក់ស្រាល (ពណ៌លឿង) តម្រូវឲ្យមានបម្រាមគោចរ ក្នុងរយៈពេលកំណត់មួយ ខណៈចំណាត់ថ្នាក់ធ្ងន់ (ពណ៌ក្រហម) តម្រូវឲ្យបិទតំបន់​នោះទាំងស្រុង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។