ពិភពលោក

អៀរ៉ង់ ចេញ​ដីកា​តាមចាប់ខ្លួន ដូណាល់ ត្រាំ ពីបទ​មនុស្សឃាត​និង​ភេរវកម្ម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានប្រទេសអៀរ៉ង់ចោទប្រកាន់ ពីបទមនុស្សឃាតនិងភេរវកម្ម ជុំវិញមរណភាពមេទ័ពអៀរ៉ង់ម្នាក់  កាលពីដើមខែមករា ឆ្នាំ២០២០។ នេះ បើតាមដីកាតាមចាប់ខ្លួនមួយ  របស់សាធារណរដ្ឋអ៊ីស្លាមអៀរ៉ង់ ចុះថ្ងៃចន្ទទី២៩ ខែមិថុនា ដែលត្រូវបានទីភ្នាក់ងារព័ត៌មានផ្លូវការ «Fars» ដកស្រង់មកផ្សព្វផ្សាយ។

នៅ​ក្នុង​​​ដីកានោះ តុលាការ​អ៊ីរ៉ង​​ បញ្ជាឲ្យតាម​ចាប់​ខ្លួន ​លោក ដូណាល់ ត្រាំ ព្រមទាំង​ទាហាន​​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​អាមេរិក ចំនួន​៣៥​នាក់ ផ្សេង​ទៀត។

បើតាមរដ្ឋអាជ្ញាអៀរ៉ង់ លោក «Ali Alqasimehr» ដែលត្រូវបានស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ បានអះអាងថា អាជ្ញាធរអៀរ៉ង់ បានស្នើទៅ​នគរបាល​អន្តរជាតិ «InterPol» ដើម្បីឲ្យតាមចាប់ខ្លួន ប្រធានាធិបតីអាមេរិក និងជាពិសេស ​ស្នើឲ្យ​ស្ថាប័នអន្តរជាតិមួយនេះ ដាក់លោក ត្រាំ ទៅក្នុងបញ្ចីក្រហម។

លោករដ្ឋអាជ្ញាបន្តថា សំណើរខាងលើ ជាសារដ៏ច្បាស់ និងដ៏ខ្លាំងមួយ ទៅកាន់​សហគម​អន្តរជាតិ ក្នុងកិច្ចសហការជាមួយនគរបាលអន្តរជាតិ។

សម្រាប់ក្រុមអ្នកឃ្លាំមើល បានលើកឡើងថា សកម្មភាពរបស់ប្រទេសអៀរ៉ង់ មានលក្ខណៈបម្រើឲ្យនយោបាយរបស់ខ្លួន ជាជាងចំណាត់ការផ្នែកយុត្តិធម៌ ហើយនគរបាលអន្តរជាតិ មានសិទ្ធិនឹងមិនធ្វើតាម សំណើរខាងលើនេះទេ។

លោកឧត្ដមសេនីយ៍ «Qassem Soleimani» មេទ័ពដ៏សំខាន់ម្នាក់ របស់ប្រទេសអៀរ៉ង់ បានទទួលមរណភាព នៅក្នុងការវាយប្រហារមួយ ដោយយន្ដហោះគ្មានមនុស្សបើក «Drone» ទៅលើក្បួនរថយន្ដ របស់កងទ័ពអៀរ៉ង់ នៅក្នុងប្រទេសអៀរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

ការវាយប្រហារនោះ ជាបញ្ជាផ្ទាល់របស់លោក ដូណាល់ ត្រាំ ដោយមិនបាន​ជូនដំណឹង ទៅ​កាន់រដ្ឋសភាអាមេរិកទេ និងត្រូវបានធ្វើឡើង ៣ថ្ងៃក្រោយសមយុទ្ធមួយ របស់​កង​កម្លាំង​ពិសេស ដែលមានទំនោរ​ទៅរកប្រទេសអៀរ៉ង់ ប្រឆាំង«តំបន់បៃតង»​នៅក្នុង​រដ្ឋធានី​បាដាត (អៀរ៉ាក់)។

ការធ្វើសមយុទ្ធ ប្រឆាំង«តំបន់បៃតង» ត្រូវបានចាត់ទុក ថាជាការគម្រាមដោយចេញមុខ ពីសំណាក់ប្រទេសអៀរ៉ង់ ព្រោះ«តំបន់បៃតង» ជាតំបន់ពិសេស តំណាងឲ្យអំណាច និងផលប្រយោជន៍ របស់បស្ចឹមលោក នៅក្នុងប្រទេសអៀរ៉ាក់។ ស្ថានទូតសហរដ្ឋអាមេរិក ក៏មានទីតាំង ស្ថិតក្នុងតំបន់នោះដែរ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។