ពិភពលោក

រដ្ឋាភិបាលហុងគ្រីថា ​ប្រមុខការទូត​ខ្លួន​«អវិជ្ជមានកូវីដ»​មុនមកដល់​កម្ពុជា

រដ្ឋាភិបាលហុងគ្រី បានអះអាងថា លោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) ​​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ របស់ខ្លួន មានលទ្ធផលតេស្ដិ៍​«អវិជ្ជមានកូវីដ» នៅមុនលោក​ធ្វើដំណើរ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ (សប្ដាហ៍មុន)។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ នៅដើម​សប្ដាហ៍នេះ។

ទីភ្នាក់ងារព័ត៌មាន «MTI» របស់ប្រទេសហុងគ្រី ក៏បានអះអាងដូចគ្នាដែរថា លោក​រដ្ឋមន្ត្រី មានលទ្ធផលតេស្ដិ៍«អវិជ្ជមានកូវីដ» នៅមុនទស្សនកិច្ច នៅក្នុងប្រទេសអាស៊ាន ចំនួនពីរ៖ កម្ពុជា និងថៃ។

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលហុងគ្រី បានអះអាង​ទៀតថា នៅពេលចេញ​ពីកម្ពុជា ទៅដល់ប្រទេសថៃ ក្នុង​ថ្ងៃ​អង្គារទី៣ ខែវិច្ឆិកាដដែល និងដោយ​អនុលោម តាម​វិធានសុខាភិបាល​របស់ប្រទេសថៃ  ប្រមុខការទូត​ហុងគ្រី ត្រូវឆ្លងកាត់​ការធ្វើតេស្ដិ៍ មុននឹង​ចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោក នៅទីនោះ។

ជាអកុសល លទ្ធផលនៃការធ្វើតេស្ដិ៍ បានបង្ហាញថា លោក ភីតធ័រ ស្ស៊ីយ៉ាតូ មានផ្ទុកមេរោគកូវីដ-១៩ តែមិនមានរោគសញ្ញា ជាអ្នកជំងឺទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក «Anutin Charnvirakul» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន «AP» ឲ្យដឹងថា មានតែលោក ភីតធ័រ ស្ស៊ីយ៉ាតូ តែម្នាក់ប៉ុណ្ណោះ ដែលផ្ទុកមេរោគកូវីដ-១៩ បន្ទាប់ពីលោកត្រូវបានធ្វើតេស្ដិ៍ រហូតដល់ទៅ២ដង។ ដោយឡែក មន្ត្រីហុងគ្រី១២នាក់ទៀត មានលទ្ធផលតេស្ដិ៍«អវិជ្ជមាន»។

ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជា លោក ភីតធ័រ ស្ស៊ីយ៉ាតូ បានជួប​ជជែក-ចាប់ដៃ ជាមួយមន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញ ជាច្រើនសិបនាក់ រួមទាំងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។

ក្នុងរូបថត​បង្ហោះព្រោងព្រាត នៅលើបណ្ដាញសង្គម ដែលបង្ហាញពីជំនួបពិសេសៗ រួមនឹងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើននោះ គេឃើញមន្ត្រីប្រតិភូហុងគ្រី​ទាំងអស់ បានពាក់ម៉ាក់ ផ្ទុយពីមន្ត្រីរដ្ឋាភិបាល​កម្ពុជា​មួយ​ភាគធំ (រួមនឹងលោក ហ៊ុន សែន) ដែលមិនបានពាក់ម៉ាស់។

មកដល់ថ្ងៃនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ រួមនឹង​អ្នកប៉ះពាល់ ដោយប្រយោលផ្សេងទៀត ចំនួនសរុប ១១៤៣នាក់ ត្រូវបានធ្វើតេស្ដិ៍ ដើម្បីស្វែង​រកមេរោគ «Covid-19» និងដាក់ឲ្យធ្វើចត្តាឡីស័ក ខណៈមន្ត្រីជាន់ខ្ពស់៣នាក់ និងអង្គរក្សម្នាក់ បានទទួលលទ្ធផលតេស្ដិ៍ «វិជ្ជមានកូវីដ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។