ពិភពលោក

នាយករដ្ឋមន្ត្រីហុងគ្រីថា មិនត្រូវ​«លូកដៃ»​ចូលក្នុងនយោបាយ​អាមេរិក

នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក វិចទ័រ អ័របង់ (Viktor Orban) ដែលជាអ្នកគាំទ្រលោក ដូណាល់ ត្រាំ (Donald Trump) ដ៏មុតមាំម្នាក់ បានថ្លែងបរិហារ​​អំពីការ​​«លូកដៃ»​ចូលកិច្ចការផ្ទៃក្នុងអាមេរិក ជុំវិញប្រតិកម្មទាំងឡាយ ដែលត្រូវបានមេដឹកនាំធំៗ នៅជុំវិញពិភពលោក លើកឡើង​នៅចំពោះព្រឹត្តិការណ៍​ទន្ទ្រានកាន់កាប់វិមានកាពីតូល (វិមានសភាទាំងពីរថ្នាក់ របស់សហរដ្ឋអាមេរិក) កាលពីរសៀលថ្ងៃពុធ ដោយក្រុមអ្នកនិយមលោក ត្រាំ។

លោក អ័របង់ ដែលជាមេដឹកនាំអ៊ឺរ៉ុបដ៏កម្រ ដែលគាំទ្រលោក ត្រាំ ប្រធានាធិបតីអាមេរិកចប់អាណត្តិ បានថ្លែងនៅថ្ងៃសុក្រនេះ ក្នុងបទសម្ភាសប្រចាំសប្ដាហ៍ នៅតាមវិទ្យុផ្សាយសម្លេងក្នុងស្រុកមួយថា៖

«យើងមិនចូលចិត្ត ឲ្យគេវិនិច្ឆ័យយើងទេ។ បើអញ្ចឹង ចូរយើងកុំវិនិច្ឆ័យប្រទេសដទៃ (…) យើងមិនត្រូវ”លូកដៃ” ទៅក្នុងរឿងរ៉ាវដែល​កំពុងកើតឡើង នៅប្រទេសអាមេរិកទេ ព្រោះជារឿងរបស់ពលរដ្ឋអាមេរិក (…) ហើយយើង​មានសុទិដ្ឋិនិយម​ច្បាស់ណាស់ ថាពួកគេនឹងរកបាន​​ដំណោះស្រាយ។»

ក្នុងរយៈកាលនៃយុទ្ធនាការរកសម្លេងឆ្នោត នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក វិចទ័រ អ័របង់ បានថ្លែងចង់ឃើញលោក ដូណាល់ ត្រាំ ត្រូវបានជ្រើសតាំងជាថ្មីឡើងវិញ ដោយលោកចាត់ទុកថា វាជា«ដំណោះស្រាយដ៏ល្អ សម្រាប់ទ្វីបអ៊ឺរ៉ុបកណ្ដាល»។ នាយករដ្ឋមន្ត្រី​ហុងគ្រីរូបនេះ ថែមទាំងបានអួតអាង​នៅពេលនោះថា លោកធ្លាប់ទទួលបានការហៅទូរស័ព្ទ ពីប្រធានាធិបតីអាមេរិក នៅខណៈលោក​កំពុងធ្វើម្ហូប នៅឯផ្ទះបាយ​របស់លោក​នោះទៀត។

ប្រព័ន្ធផ្សព្វផ្សាយហុងគ្រី ដែលលំអៀងទៅរដ្ឋាភិបាលលោក អ័របង់ បានចេញផ្សាយរបាយការណ៍ជាច្រើន លាបពណ៌លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិកថា ជា«ជនកុម្មុយនីស្ដិ៍» ដែល«និយមលទ្ធិម៉ាក្ស»។

សារព័ត៌មានទាំងនោះ ក៏បានផ្សព្វផ្សាយផងដែរ អំពីការលួចបន្លំ «ដ៏គួរឲ្យអាម៉ាស់» នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ហើយថា អំពើហិង្សា​នៅវិមានកាពីតូល កាលពីរសៀលថ្ងៃពុធ បង្ហាញពី«បរាជ័យទាំងស្រុង» នៃរដ្ឋបាលលោក បៃដិន (SIC!!!) បន្ទាប់ពីការបោះឆ្នោត​«ដ៏អាស្រូវ»មួយ។

គួររំឭកដែរថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ លោក វិចទ័រ អ័របង់ ធ្លាប់បានសម្ដែងការគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុង​យុទ្ធការការទូត ដែលរបបក្រុងភ្នំពេញត្រូវការ ដើម្បីរក្សាទុក នូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» របស់សហភាពអ៊ឺរ៉ុប។

ក្នុងក្រសែរភ្នែករបស់បស្ចឹមលោក រដ្ឋាភិបាលរបស់លោក អ័របង់ មិនសូវជាមានឈ្មោះល្អប៉ុន្មានទេ ជាពិសេសនៅក្នុងសំនុំរឿង បដិសេធ​ជនភៀសខ្លួន ប្រើប្រាស់អំណាចនីតិប្រតិបត្តិ គ្របទៅលើនីតិអំណាចផ្សេងទៀត និងការលើកឡើងជារឿយៗ អំពី«Fake News» ចំពោះ​របាយការណ៍ទាំងឡាយ ដែលរសើបៗ។

លោក អ័របង់ ដែលបានឡើងកាន់អំណាច តាំងពីឆ្នាំ២០១០ តែងទទួលការរិះគន់ជាញយកដង នៅក្នុងសម័យកាល នៃរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ដែលមានលោក ចូ បៃដិន ជាអនុប្រធានាធិបតី។ សហរដ្ឋអាមេរិកនៅពេលនោះ បានរិះគន់មិនសំចៃមាត់ ទៅលើការដឹកនាំរបស់លោក អ័របង់ ជុំវិញការបង្ក្រាប ទៅលើសេរីភាពសារព័ត៌មាន ទៅលើប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសង្គមស៊ីវិល៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។