ពិភពលោក

អាល្លឺម៉ង់ថា​ចិន​ដាក់សម្ពាធ ឲ្យ​និយាយល្អ ពី​ប៉េកាំង​ជុំវិញ​​«Covid-19»

មន្ត្រីការទូតចិន បានជួបជាមួយ​អ្នកទទួលខុសត្រូវមួយចំនួន នៃរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីបញ្ចុះបញ្ចូលអ្នកទទួលខុសត្រូវទាំងនោះ ឲ្យ​និយាយល្អ អំពីការគ្រប់គ្រង របស់ក្រុងប៉េកាំង ទៅលើការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមការអះអាង របស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ តាមរយៈលិខិតមួយ ដែលទីភ្នាក់ងាររ៉យទ័រទទួលបាន។

លិខិតចុះថ្ងៃទី២២ ខែមេសានោះ បានសរសេរថា៖

«រដ្ឋាភិបាលអាល្លឺម៉ង់ បានដឹងអំពីទំនាក់ទំនង ជាលក្ខណៈបុគ្គល ដែលធ្វើឡើងដោយមន្ត្រីការទូតចិន នៅក្នុងគោលបំណង ឲ្យ​និយាយល្អ និងជាសាធារណៈ អំពីការគ្រប់គ្រង របស់សាធារណរដ្ឋប្រជាមានិតចិន ទៅលើការរាតត្បាត នៃជំងឺកូរូណាវីរុស។»

លិខិតខាងលើ ជាចម្លើយទៅនឹងសំនួរ របស់តំណាងរាស្ត្រអាល្លឺម៉ង់មួយរូប ឈ្មោះ «Margarete Bause» ដែលបានចោទសួរ ទាក់ទងហេតុការណ៍ទាំងនេះ។ លិខិតរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង បានបន្តថា៖

«រដ្ឋាភិបាលសហព័ន្ធ [អាល្លឺម៉ង់] មិនបានគោរព តាមសំណើរ​ទាំងនេះទេ។»

សារព័ត៌មានអាល្លឺម៉ង់មួយ ឈ្មោះ «Welt am Sonntag» ដែលបានផ្សាយ ពីលិខិតនេះដែរ បានលើកឡើងថា ស្ថានទូតចិន ប្រចាំនៅរដ្ឋធានី ប៊ែរឡាំង បានច្រានចោលដំណឹងខាងលើ ដោយវាយតម្លៃថា ជាការកុហក និងគ្មានការទទួលខុសត្រូវ។

ទីភ្នាក់ងាររ៉យទ័រ បានអះអាងបន្ថែមថា ខ្លួនទទួលបានលិខិត យ៉ាងហោចចំនួន៤ផ្សេងទៀត ដែលមានប្រភពពីមន្ត្រីការទូត នៃសហភាពអ៊ឺរ៉ុប។ លិខិតទាំងនោះ សុទ្ធតែបានបញ្ជាក់ថា ប្រទេសចិនព្យាយាមរាំងខ្ទប់ មិនឲ្យចេញផ្សាយ នូវរបាយការណ៍មួយ របស់សហភាពអ៊ឺរ៉ុប (EU) ដែលអះអាងពីការផ្សព្វផ្សាយ ព័ត៌មានបែបបំភ្លៃ របស់រដ្ឋាភិបាលក្រុងប៉េកាំង  ទៅលើការរាតត្បាត នៃជំងឺ«Covid-19»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។