អតីតប្រធានាធិបតី លោក ជច៍ វ័លឃ័រ ប៊ូស (George W. Bush) និងអតីតបេក្ខជនប្រធានាធិបតី លោក មីដ រូមនី (Mitt Romney) ដែលសុទ្ធតែមកពីគណបក្សសាធារណរដ្ឋ សុទ្ធតែបានប្រកាស ទុកជាមុនថា ពួកលោក នឹង«មិនបោះឆ្នោត»គាំទ្រលោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់តំណែងជាប្រធានាធិបតី អាណត្តិទី២ នៅចុងឆ្នាំខាងមុខនេះទេ។
សារព័ត៌មាន «New York Times» បានស្រង់សំដី របស់ពួកលោកទាំងពីរ មកចុះផ្សាយ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយមិនភ្លេច លើកយកករណី របស់អ្នកស្រី «Cindy McCain» ភរិយាមេមាយនៃសពអតីតព្រឹទ្ធសមាជិក លោក ចន ម៉ាកខេន (John McCain) ដែលបានអះអាងសឹងជាស្ថាពរថា អ្នកស្រីនឹងគាំទ្រលោក ចូ បៃដេន (Joe Biden) បេក្ខជនប្រធានាធិបតី ដែលចេញពីគណបក្សប្រជាធិបតេយ្យ។
នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ អតីតប្រធានាធិបតី អតីតបេក្ខជនប្រធានាធិបតី និងភរិយាសពលោក ម៉ាក់ខេន ដែលជាឥស្សរជនដ៏កំពូល របស់គណបក្សសាធារណរដ្ឋ ធ្លាប់មានជំហររួចហើយ ក្នុងការបដិសេធ មិនបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ។ តែសារព័ត៌មានខាងលើ បញ្ជាក់ថា បរិបទក្នុងពេលបច្ចុប្បន្ន មិនដូចគ្នានឹងពេលនោះទេ។
«New York Times» ពន្យល់ថា នៅឆ្នាំ២០០១៦ លោក ត្រាំ គ្រាន់តែជាបេក្ខជនម្នាក់ប៉ុណ្ណោះ ហើយពេលនោះ នរណាៗក៏មិនបានជឿជាក់ដែរ ថាលោក ត្រាំ អាចឈ្នះឆ្នោត ជាប់ជាប្រធានាធិបតី។
តែនៅថ្ងៃនេះ ការចេញមុខប្រឆាំង នឹងប្រធានាធិបតីក្នុងតំណែង នឹងធ្វើឲ្យនយោបាយ នៅក្នុងគណបក្សសាធារណរដ្ឋ ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាពិសេសនៅពេលនិយាយពីអំណាចប្រធានាធិបតី ក្នុងការតែងតាំងចៅក្រម និងការកាត់បន្ថយពន្ធដារ។
ឥស្សរជនសំខាន់ៗ ជាច្រើននាក់ នៅក្នុងគណបក្សសាធារណរដ្ឋ បានសំដែងមន្ទិល សម្រាប់ខ្លួនឯង កាន់តែច្រើនឡើង នៅចំពោះលទ្ធភាព នៃការបោះឆ្នោតជូនលោក ត្រាំ សម្រាប់អាណត្តិទីពីរ។ មន្ទិលនោះ មានកាន់តែខ្លាំងថែមទៀត បើពួកគេមើលពីសំដី របស់ប្រធានាធិបតីរូបនេះ ជុំវិញអំពើហិង្សា បង្កឡើងដោយក្រុមនគរបាល និងវិធានការ ក្នុងការដោះស្រាយវិបត្តិជំងឺ «Covid-19»។
ក្រៅពីឥស្សរជនទាំងបីខាងលើ សារព័ត៌មាន «New York Times» នៅបានសាកសួរ ទៅកាន់ឥស្សរជនជាច្រើនទៀត ដែលហាក់បង្ហាញភាពរារែក របស់ពួកគេ ក្នុងការគាំទ្រលោក ត្រាំ។ សមាជិកគណបក្សសាធារណរដ្ឋខ្លះ បានជ្រើសរើសយកបេក្ខជនទីបី ខណៈសមាជិកមួយចំនួនទៀត បានបង្ហាញជំហរដោយត្រង់ៗ ថាពួកគេនឹងបោះឆ្នោត ជូនលោក ចូ បៃដេន ដោយគ្មានការអល់អែក៕