ពិភពលោក

ក្រុមគ្រួសារចង់ធ្វើ​«កោសលវិច័យ»​ដោយខ្លួនឯង ទៅលើសាកសព ជច៍ ផ្លយ

ក្រុមគ្រួសាររបស់លោក ជច៍ ផ្លយ (George Floyd) បានអះអាងថា ពួកគេចង់​ធ្វើ​«កោសលវិច័យ» ដោយមធ្យោបាយផ្ទាល់ខ្លួន របស់ពួកគេ ទៅលើសពលោក ជច៍ ផ្លយ។

ការប្រកាស​របស់​ក្រុមគ្រួសារ ដែលធ្វើឡើងតាមរយៈមេធាវី បានអះអាងថា ពួកគេមិន​ទុកចិត្ត ទៅលើ​របាយការណ៍ របស់គ្រូពេទ្យជំនាញ ដែលត្រូវបានចាត់តាំងឡើង ដោយ​តុលាការនោះទ។

លោក ជច៍ ផ្លយ អាយុ៤៦ឆ្នាំ​ បុរសអាមេរិកាំង-ស្បែកខ្មៅ បានស្លាប់កាលពីថ្ងៃចន្ទ សប្ដាហ៍​មុន ក្នុងហេតុការណ៍​ឃាត់ខ្លួនមួយ ពីសំណាក់​ក្រុមនគរបាល​បួននាក់។ ភ្នាក់ងារម្នាក់ ពី​ចំណោម​នោះ បានប្រើជង្គង់របស់ខ្លួន ដើម្បីសង្កត់«ក»លោក ផ្លយ ដែលធ្វើឲ្យជឿថា លោក ផ្លយ បានស្លាប់ ដោយសារការធ្វើឲ្យថប់ដង្ហើម។

តែផ្ទុយទៅវិញ គ្រូពេទ្យជំនាញ នៅក្នុងការធ្វើកោសលវិច័យ ទៅលើសាកសព មិនបាន​បញ្ចេញរបាយការណ៍ថា លោក ផ្លយ បានស្លាប់​បណ្ដាលមកពី​ការថប់ដង្ហើមទេ តែ​បណ្ដាល​មកពី ករណី​ជាច្រើន។ ក្រុមគ្រូពេទ្យលើកឡើងថា មរណភាពនោះ បណ្ដាលមកពី​បញ្ហា​សុខភាព ដែលលោក ផ្លយ មានរួច​ហើយ រួមនឹងការសេបគ្រឿងញៀន និងបន្ថែមដោយ​ការរើបម្រេះ ទល់នឹង​ការឃាត់​ខ្លួន ពីសំណាក់​នគរបាល។

តែក្រុមគ្រួសាររបស់លោក ផ្លយ បានច្រានចោលការអះអាង របស់គ្រូពេទ្យជំនាញខាងលើ នឹងគ្រោងចង់ឲ្យគ្រូពេទ្យជំនាញ ដ៏ល្បីម្នាក់ផ្សេងទៀត ឈ្មោះ «Michael Baden» មកធ្វើ​កោសលវិច័យ ទៅលើសពលោក ផ្លយ។

លោក «Michael Baden» អាយុ៨៥ឆ្នាំ ធ្លាប់ជាអ្នកទទួលខុសត្រូវ ក្នុងវិទ្យាស្ថាន​ជំនាញ​ខាង​កោសលវិច័យ សម្រាប់ប្រព័ន្ធយុត្តិធម៌ ប្រចាំនៅក្រុងញ៉ូយក (ខាងកើត​សហរដ្ឋ​អាមេរិក) ក្នុងទសវត្សរ៍ ឆ្នាំ៧០។ គ្រូពេទ្យរូបនេះ ធ្លាប់បានធ្វើកោសលវិច័យ ទៅលើ​សាកសព ប្រមាណជាង ២០ ០០០សព​រួចមកហើយ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។