ពិភពលោក

ត្រាំ៖ «បើ​អៀរ៉ង់​ចង់ធ្វើ​សង្គ្រាម នោះ​អៀរ៉ង់​នឹង​ត្រូវចប់ ជាស្ថាពរ»

នៅមុននេះបន្តិច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគម្រាមកម្ទេចប្រទេសអៀរ៉ង់ ឲ្យចប់«ជាស្ថាពរ» ប្រសិនបើប្រទេសនេះ បើកការវាយប្រហារ ប្រឆាំងនឹងប្រយោជន៍អាមេរិកាំង ដែលលោកប្រធានាធិបតីចាត់ទុកថា ជា«ការប្រកាស​សង្គ្រាម»។

តាមរយៈទំព័រទ្វីសធើររបស់លោក ប្រធានាធិបតីនៃប្រទេសមហាអំណាច បានសរសេរថា៖

«បើអៀរ៉ង់ចង់ធ្វើសង្គ្រាម នោះអៀរ៉ង់នឹងត្រូវចប់​ជាស្ថាពរ​។ សូមកុំគម្រាម ដាក់សហរដ្ឋអាមេរិក ម្ដងទៀតឲ្យសោះ !»

ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអៀរ៉ង់ បានកើនកម្ដៅខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ខណៈសហរដ្ឋអាមេរិកបានដាក់ពង្រាយ វានាចម្បាំង «Abraham Lincoln» ដែលផ្ទុកយន្ដហោះពិឃាត និងនាវាចម្បាំង​ផ្សេងទៀតជាច្រើន នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ។

ការដាក់ពង្រាយនោះ ត្រូវបានប្រទេសអៀរ៉ង់ ចាត់ទុកថា ជាការគម្រាមមួយដ៏ធ្ងន់ធ្ងរ ចំពោះខ្លួន។

យ៉ាងណា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអៀរ៉ង់ លោក «Mohammad Javad Zarif » បានថ្លែងកាត់បន្ថយកម្ដៅមកវិញ ជាពិសេសចំពោះលទ្ធភាព ដែលនាំឲ្យផ្ទុះសង្គ្រាម នៅក្នុងតំបន់។ មានវត្តមាននៅក្នុងប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចមួយ លោក «Mohammad Javad Zarif » បានថ្លែងថា៖

«ច្បាស់ណាស់ (…) ថានឹងមិនមានសង្គ្រាមផ្ទុះឡើយ ព្រោះយើងមិនចង់បានជម្លោះទេ ហើយគ្មាននរណាម្នាក់ ចង់បង្ហាញសមត្ថភាព ដើម្បីប្រឈមនឹងប្រទេសអៀរ៉ង់ឡើយ។»

ទំនាក់ទំនងអាមេរិក-អៀរ៉ង់ ចាប់ផ្ដើមមានភាពរកាំរកូស បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចឲ្យដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងលើសំនុំរឿងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥។

កិច្ចព្រមព្រៀងនោះ មានបំណងដាក់កម្រិត ទៅលើគម្រោងផលិតនុយក្លេអ៊ែរ របស់ប្រទេសអៀរ៉ង់ ជាថ្នូរនឹងការដកចេញ នូវទណ្ឌកម្មទាំងឡាយ ប្រឆាំងប្រទេសនេះ។

ភាពតានតឺងរវាងប្រទេសទាំងពីរ កាន់តែធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់ពីសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងប្រទេសអៀរ៉ង់ កាលពីខែវិច្ឆិកាកន្លងទៅ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។