លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហើបប្រាប់គេឯង ក្នុងថ្ងៃចន្ទនេះ ថាលោកបានលេបថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន (Hydroxychloroquine) ដែលជាថ្នាំប្រឆាំងជំងឺ«គ្រុនចាញ់» តាំងពីច្រើនថ្ងៃមកហើយ ខណៈរូបលោក មិនមានរោគសញ្ញាអ្វីសោះ ទាក់ទងនឹងជំងឺ «Covid-19»។
នៅក្នុងការថ្លែង ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានឲ្យដឹងថា៖
«ខ្ញុំលេប [ថ្នាំនេះ] តាំងពី១សប្ដាហ៍កន្លះហើយ។ ខ្ញុំបានដឹង ពីរឿងជាច្រើន ដែលមានលក្ខណៈវិជ្ជមាន អំពីថ្នាំមួយនេះ។»
លោកបានបន្តទៀតថា៖
«តើពួកអ្នករាល់គ្នា ធ្លាប់ឮឬទេ នូវឃ្លាមួយម៉ាត់ ដែលថា តើអ្នកឯងមានខាតបង់អ្វី? បើគ្រាន់តែអ្នកឯង លេបវា ដើម្បីការពារខ្លួន ពីជំងឺនោះ។ ខ្ញុំលេបវា មួយគ្រាប់ ក្នុងមួយថ្ងៃ។ រហូតដល់ពេលមួយ ខ្ញុំនឹងឈប់លេបវា។»
អាជ្ញាធរសុខាភិបាល នៃសហរដ្ឋអាមេរិក និងកាណាដា បានព្រមាន កាលពីចុងខែមេសា អំពីការប្រើប្រាស់ ថ្នាំប្រភេទនេះ នៅក្រៅការសាកល្បងតាមមន្ទីរពេទ្យ ដែលចាំបាច់ ត្រូវមានការឃ្លាំមើលជាប្រចាំ។
ប្រធានាធិបតីអាមេរិក បានអះអាងទៀតថា៖
«វានឹងមិនធ្វើឲ្យខ្ញុំ ជួបបញ្ហាសុខភាពអ្វីទេ។ ថ្នាំនេះ ត្រូវបានប្រើ តាំងពី៤០ឆ្នាំមកហើយ ដើម្បីប្រឆាំងនឹងជំងឺគ្រុនចាញ់ ហើយក៏មានគ្រូពេទ្យច្រើននាក់ បានលេបវាដែរ។»
មេដឹកនាំប្រទេសមហាអំណាច បានពន្យល់ដែរថា លោកគ្មានអាការៈ ឬមានរោគសញ្ញា អ្វីសោះឡើយ ទាក់ទងនឹងជំងឺ «Covid-19»។ លោកថា លោកបានធ្វើតេស្ដិ៍ជាទៀងទាត់ ហើយលទ្ធផលនៃការធ្វើតេស្ដិ៍នោះ បង្ហាញជានិច្ចកាល ថា«អវិជ្ជមាន»។
នៅក្នុងការសិក្សាមួយ ដែលចុះផ្សាយ ដោយទស្សនាវដ្ដី «New England Journal of Medicine» កាលពីជាង១០ថ្ងៃមុន បានអះអាងថា ការដាក់ថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន មិនបានជួយ ឲ្យប្រសើរឡើង ឬធ្វើឲ្យប្រែប្រួលអ្វី គួរឲ្យកត់សម្គាល់ ទៅដល់អ្នកជំងឺ«Covid-19»នោះទេ៕