លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានបង់ពន្ធប្រកាស ត្រឺមតែ ៧៥០ដុល្លារ ប៉ុណ្ណោះ ដែលខុសគ្នាឆ្ងាយ ពីតម្លៃកាត់សក់របស់លោកម្ដងៗ ដែលមានកម្រិត ដល់ទៅ៧ម៉ឺនដុល្លារ។ នេះបើតាមសារព័ត៌មាន «New York Times» ក្នុងរបាយការណ៍ដ៏ភ្ញាក់ផ្អើលមួយ ការបង់ពន្ធប្រកាស របស់មហាសេដ្ឋី ដូណាល់ ត្រាំ ក្នុងរយៈពេល២០ឆ្នាំ មុនពេលលោកក្លាយជាប្រធានាធិបតី។
ការទម្លាយដំណឹង របស់សារព័ត៌មានអាមេរិក បានរាយការណ៍ កាលពីថ្ងៃអាទិត្យម្សិលម៉ិញថា ការបង់ពន្ធប្រកាស ក្នុងកម្រិត ៧៥០ដុល្លារ ខាងលើនោះ ធ្វើឡើងក្នុងឆ្នាំ២០១៦-២០១៧ គឺក្នុងឆ្នាំដែលលោក ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតី។ បន្ថែមពីលើនេះ លោក ត្រាំ មិនបានបង់ពន្ធអ្វី សូម្បីតែមួយដុល្លារ បើនិយាយពីការប្រកាសពន្ធ ក្នុងរយៈពេល១០ឆ្នាំ (ពីចណោម១៥ឆ្នាំ) កន្លងមក។
ប៉ុន្តែដំណឹងខាងលើ ត្រូវបានលោកប្រធានាធិបតីខ្លួនលោក ចេញមុខបដិសេធ នៅក្នុងសន្និសីទសារព័ត៌មាន នៃសេតវិមាន ដោយចាត់ទុកព័ត៌មាន របស់ «New York Times» ថាជា «Fake News» ដែលសរសេរឡើង តាមការនឹកឃើញ និងផ្ដេសផ្ដាស។
បើតាមសារព័ត៌មានដដែល បានពន្យល់ថា លោក ត្រាំ តែងបញ្ចៀសខ្លួន ឲ្យរួចផុតពីការបង់ពន្ធ ដោយសារតែលោក បានប្រកាសពន្ធ អំពីប្រាក់ចំណូលរបស់លោក ថាមានការខាតបង់ ច្រើនជាងចំណេញ។ លោកបានទូទាត់ ប្រាក់ចំណូលចំណាយ សម្រាប់រាល់លំនៅដ្ឋាន យន្ដហោះឯកជន… និងថ្លៃឈ្នួល ៧ម៉ឺនដុល្លារ សម្រាប់ជាងកាត់សក់ ជារៀងរាល់មុនពេលលោក ចេញមុខតាមកញ្ចក់ទូរទស្សន៍ម្ដងៗ។
សារព័ត៌មានបន្តថា ផ្ទុយពីរូបភាពរបស់លោក ដូណាល់ ត្រាំ ដែលតែងលើកឡើង ពីភាពហ៊ឺហា រុងរឿង ថ្កុំថ្កើន នៅក្នុងមុខរបររកស៊ីរបស់លោកនោះ ក្រុមហ៊ុនភាគច្រើនដែលជាកម្មសិទ្ធិរបស់លោក តែងប្រកាសពន្ធ អំពីការខាតបង់ធ្ងន់ធ្ងរ។
តែនៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ បានលើកឡើងថា៖
«ខ្ញុំបានចំណាយច្រើនណាស់ ហើយខ្ញុំថែមទាំងបានបង់ពន្ធ ច្រើនដូចគ្នា ទៅលើការប្រកាសប្រាក់ចំណូល ក្នុងកម្រិតរដ្ឋ ពោលគឺនៅក្នុងរដ្ឋញ៉ូយក។»
យ៉ាងណា ក្នុងពេលកន្លងមក លោកប្រធានាធិបតី ត្រាំ បានបដិសេធផ្សព្វផ្សាយ ជាសាធារណៈ អំពីរាល់ការប្រកាសពន្ធ របស់លោក នៅមុនលោកក្លាយជាប្រធានាធីបតីនៃសហរដ្ឋអាមេរិក៕