ពិភពលោក

ត្រាំ ភ្ជាប់​បាតុកម្ម​អាវកាក់​លឿង ជាមួយ​កិច្ច​ព្រមព្រៀង​ប៉ារីស​ស្ដីពី​អាកាសធាតុ

អ្នកផងត្រូវនាំគ្នា​និយាយ ពីប្រធានាធិបតី​អាមេរិកទៀតហើយ! ខណៈបាតុកម្មរបស់​បណ្ដាជន​បារាំង ពាក់អាវកាក់ពណ៌លឿង កំពុងធ្វើឲ្យពិភពលោក​ចាប់អារម្មណ៍នោះ លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហោះសារមួយ នៅល្ងាចថ្ងៃសៅរ៍នេះ តាមរយៈទំព័រទ្វីសធើររបស់លោក ដោយយកបាតុកម្មខាងលើ ទៅច្រឡូកបូកបល់ ជាមួយនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីអាកាសធាតុ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសធំៗជាច្រើន កាលពីខែមេសា ឆ្នាំ២០១៦។

នៅក្នុងសារនោះ ប្រធានាធិបតីអាមេរិក បានរិះគន់ជាថ្មីថា រលកបាតុកម្មរបស់បណ្ដាជនអាវកាក់លឿង នៅក្នុងប្រទេសបារាំង ជា«សក្ខីកម្ម»​មួយ ដែលបង្ហាញថា កិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីអាកាសធាតុនោះ មិនមានដំណើរការទៅមុខទេ។ លោក ត្រាំ ថែមទាំងនិយាយ ដោយគ្មានភស្ដុតាងទៀត ថាបាតុករទាំងឡាយ បានស្រែកពាក្យថា «យើងចង់បានត្រាំ»។

លោកសរសេរថា៖ «កិច្ចព្រមព្រៀងក្រុងប៉ារីស មិនមានដំណើរការទៅមុខ ឲ្យបានគ្រាន់បើជាងនេះទេ សម្រាប់រដ្ឋាភិបាលក្រុងប៉ារីស។ បាតុកម្ម និងអំពើហិង្សា ផ្ទុះឡើងនៅគ្រប់កន្លែង ក្នុងប្រទេសបារាំង»។

ប្រធានាធិបតីនៃប្រទេសមហាអំណាច បានបន្តថា៖ «បណ្ដាជនទាំងឡាយ មិនចង់ចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ – មួយផ្នែកធំ បោះទៅឲ្យប្រទេស ដែលស្ថិតក្រោមបន្ទាត់ នៃការអភិវឌ្ឍន៍ (ដែលត្រូវបានដឹកនាំ​តាមនយោបាយ ពោរពេញដោយមន្ទិល) ជាមួយនឹងគោលដៅ – ដែលដូចជាចង់ – ការពារបរិស្ថាន»។

«ខ្ញុំស្រឡាញ់ប្រទេសបារាំង»

នេះ មិនមែនជាលើកទីមួយទេ ដែលលោក ដូណាល់ ត្រាំ លូកមាត់លូកក ចូលក្នុងរលកបាតុកម្មអាវកាក់លឿង របស់បណ្ដាជនបារាំង។ កាលពីថ្ងៃអង្គារមុន លោកក៏បានបង្ហោះសារមួយដែរ ចំអកដល់ការបន្ទន់ឥរិយាបទ របស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅចំពោះរលកបាតុកម្មនេះ ដោយឆ្លៀតអះអាងថា កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ២០១៦ ត្រូវបានបញ្ចប់ទៅ ដោយការបរាជ័យ។

នៅក្នុងសារដដែល លោកប្រធានាធិបតីអាមេរិក ថែមទាំងលើកឡើង ដោយគ្មាន​អំណះ​អំណាង​ទៀតថា៖ «ពួកគេ (បាតុករ) កំពុង​ស្រែកច្រៀងថា “យើងចង់បានត្រាំ”។ ខ្ញុំស្រឡាញ់ប្រទេសបារាំង។»។

គេរកមិនឃើញថា តើបាតុករបារាំងណាម្នាក់ ដែលស្រែកច្រៀងដូច្នេះទេ។ ហើយបាតុកម្មអាវកាក់លឿង នៅក្នុងប្រទេសបារាំង ក៏មិនបានភ្ជាប់បុព្វហេតុរបស់ពួកគេ ទៅនឹងកិច្ចព្រមព្រៀងក្រុង ប៉ារីស ស្ដីពីអាកាសធាតុនោះដែរ តែជាបាតុកម្ម ប្រឆាំងនឹងកំណែរទម្រង់ថ្មីៗ របស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។

ចំពោះពាក្យថា «យើងចង់បានត្រាំ» ត្រូវបានផ្នែកផ្ទៀងផ្ទាត់ព័ត៌មាន របស់ទីភ្នាក់ងារបារាំង «AFP» រកឃើញថា គឺលោក ត្រាំ បានបង្ហោះបន្ត នូវសំដីរបស់អ្នកធ្វើអត្ថាធិប្បាយ អភិរក្សនិយមអាមេរិកមួយរូប ឈ្មោះ «Charlie Kirk»។ អ្នកធ្វើអត្ថាធិប្បាយរូបនេះ និយាយដូច្នេះ ដោយទំនងជា គ្រាន់តែបានឃើញវីដេអូមួយ ផ្សាយក្នុងថ្ងៃ២ ខែធ្នូកន្លងទៅ ដែលមិនមែនថតពីបាតុកម្ម នៅក្នុងប្រទេសបារាំងទេ។ ប៉ុន្តែតាមការពិត វីដេអូនោះ ថតចេញពីរាជធានីឡុង និងមានកាលបរិច្ឆេទ ទំនងជាតាំងពីខែមិថុនាមកម្លេះ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។