ពិភពលោក

មនុស្ស​ស្លាប់​កើន​ដល់​៨នាក់ ក្នុង​គ្រោះថ្នាក់​រថភ្លើង​នៅ​ដាណាម៉ាក

តុល្យភាពនៃជនរងគ្រោះដល់ជីវិត បានកើនឡើងដល់៨នាក់ នៅក្នុងគ្រោះថ្នាក់រថភ្លើង ដែលកើតឡើង កាលពីព្រឹកថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ម្សិលម៉ិញ។ នេះ បើតាមការប្រកាស របស់នគរបាលដាណាម៉ាក ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។

សេចក្ដីប្រកាសព័ត៌មាន របស់នគរបាល បានឲ្យដឹងថា៖

«អាជ្ញាធរបានត្រួតពិនិត្យមើលរថភ្លើង និងបានរកឃើញមនុស្សស្លាប់ ពីរនាក់ទៀត។»

ពីក្នុងចំណោមមនុស្ស ទាំង៨នាក់ មានស្ត្រី៥នាក់ និងបុរស៣នាក់។ នៅក្នុងរបាយការណ៍ របស់អាជ្ញាធរ ចេញផ្សាយក្នុងពេលភ្លាមៗ បានឲ្យដឹងថា មនុស្ស៦នាក់បានស្លាប់ និង១៦នាក់រងរបួស។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៧និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅខាងលើស្ពាន «Grand Belt» ដែលភ្ជាប់កោះ «Seeland» (ដែលមានរដ្ឋធានី កូផេនហាក) ទៅនឹងកោះ «Fionie»។

រ៉ឺមករថយន្ដមួយ បានរបើកចេញ ពីរថភ្លើងដឹកទំនិញមួយខ្សែ ហើយបានខ្ទាតទៅជល់រថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀត ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា។ រថភ្លើងដឹកអ្នកដំណើរនោះ មានមនុស្សជិះ ១៣១នាក់ និងបុគ្គលិកបម្រើការ ៣នាក់។

អ្នកស៊ើបអង្កេត នៅមិនទាន់ដឹងថា តើមូលហេតុអ្វី បានជារ៉ឺមករថយន្ដខាងលើ បានរបូតដាច់ចេញ ពីរថភ្លើង។ នៅក្នុងពេលកើតហេតុ ខ្យល់កន្ត្រាក់បានបោកបក់ យ៉ាងខ្លាំងក្លា នៅក្នុងតំបន់នោះ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។