ក្រុមមេដឹកនាំ-សមាជិកគណបក្សប្រជាធិបតេយ្យ បានទាមទារឲ្យភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ «FBI» បើកសំនុំរឿង ដើម្បីស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ (Donald Trump) ជុំវិញសំដីរបស់ប្រធានាធិបតីចប់អាណត្តិរូបនេះ ដែលបានជំរុញ ឲ្យលោក «Brad Raffensperger» អគ្គលេខារដ្ឋ «Georgia» កាលពីថ្ងៃសៅរ៍ ឲ្យពិនិត្យមើលឡើងវិញ អំពីលទ្ធផលឆ្នោតប្រធានាធិបតី នៅក្នុងរដ្ឋនេះ។
សំដីរបស់លោក ត្រាំ ដែលនិយាយតាមទូរស័ព្ទ ត្រូវបានសារព័ត៌មាន «Washington Post» ទទួលបាន និងយកមកចុះផ្សាយ កាលពីថ្ងៃចន្ទ ទី៤ ខែមករាម្សិលម៉ិញ។ នៅក្នុងកិច្ចសន្ទនានោះ គេឮលោកប្រធានាធិបតីចប់អាណត្តិ ឲ្យស្វែងរកសម្លេងឆ្នោត សម្រាប់បង្គ្រប់បេក្ខភាពរបស់លោក និងត្រូវគណនាឡើងវិញ ជុំវិញលទ្ធផលឆ្នោត។
សារព័ត៌មានអាមេរិកដដែល បានរាយការណ៍ទៀតថា ក្រៅពីអង្វរលោក «Brad Raffensperger» ឲ្យធ្វើតាមសំដីលោកនោះ ប្រធានាធិបតីអាមេរិក ដែលត្រូវចាកចេញពីសេតវិមាន ក្នុងពីរសប្ដាហ៍ខាងមុខ នៅបានគម្រាមអគ្គលេខា ថានឹងរងបណ្ដឹងព្រហ្មទណ្ឌ។ លោក ត្រាំ បានបន្តគម្រាមលោក «Raffensperger» អំពី«គ្រោះធំ» បើសិនជាលោក «Raffensperger» មិនឆ្លើយតប តាមការស្នើសុំរបស់លោក។
លទ្ធផលសម្លេងឆ្នោត ក្នុងរដ្ឋ«Georgia» ត្រូវបានសើរើ និងរាប់ឡើងវិញ ចំនួនពីរដងហើយ តែមិនមានអ្វីផ្លាស់ប្ដូរទេ ហើយក៏គេរកមិនឃើញ ពីភស្ដុតាងដែលថា មានការលួចបន្លំ នៅក្នុងរដ្ឋនេះដែរ។
នៅចំពោះការទម្លាយសម្លេងលោក ត្រាំ ដោយសារព័ត៌មានខាងលើ មេដឹកនាំ និងសមាជិកគណបក្សប្រជាធិបតេយ្យច្រើននាក់ ជាពិសេសសមាជិកសភា លោក «Ted Lieu» និងអ្នកស្រី «Kathleen Rice» បានចេញប្រតិកម្មខ្លាំងថា ទង្វើរបស់ប្រធានាធិបតីចប់អាណត្តិ ជាការរំលោភធ្ងន់ធ្ងរ ទៅលើច្បាប់បោះឆ្នោត របស់សហរដ្ឋអាមេរិក។
នៅក្នុងលិខិតរួមមួយ ផ្ញើរទៅកាន់នាយក «FBI» លោក «Christopher Wray» កាលពីរសៀលថ្ងៃចន្ទ សមាជិកសភាទាំងពីររូប បានទាមទារឲ្យភ្នាក់ងារសហព័ន្ធ ជំនាញខាងស៊ើបអង្កេត ឲ្យបើកសំនុំរឿងស៊ើបអង្កេតមួយឡើង ជុំវិញការលើកឡើងរបស់លោក ត្រាំ ។ លិខិតនោះ បានសរសេរថា៖
«ឥឡូវនេះ ភ័ស្តុតាងនៃការលួចបន្លំការបោះឆ្នោត របស់លោក ត្រាំ បានលេចចេញ ជារូបរាងហើយ។»
សមាជិកគណបក្សប្រជាធិបតេយ្យ មួយរូបទៀត គឺលោក «David Worley» ដែលប្រចាំក្នុងគណៈកម្មការរៀបចំការបោះឆ្នោត នៃរដ្ឋ «Georgia» ក៏បានទាមទារ ឲ្យបើកការស៊ើបអង្កេត ទៅលើករណីនេះដែរ៕