ពិភពលោក

Covid-19 ៖ ការចាក់ថ្នាំ​វ៉ាក់សាំង ចាប់ផ្ដើម​ពីថ្ងៃ២៧ធ្នូ ក្នុងសហភាពអ៊ឺរ៉ុប

ការចាក់ថ្នាំ​វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នឹងចាប់ផ្ដើម ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ និងជាបន្តបន្ទាប់ នៅតាមបណ្ដាប្រទេស​សមាជិកទាំង២៧ នៃសហភាពអ៊ឺរ៉ុប។ នេះ បើតាមការប្រកាសឲ្យដឹង របស់អ្នកស្រី «Ursula von der Leyen» ប្រធាន​គណៈកម្មការ​សហភាពអ៊ឺរ៉ុប (ឬហៅឲ្យងាយយល់ ជារដ្ឋាភិបាលសហភាពអ៊ឺរ៉ុប)។

មេដឹកនាំរបស់សហភាព បានបង្ហោះសារ នៅលើបណ្ដាញសង្គមទ្វីសធើរ ឲ្យដឹងថា៖

«ដល់ពេលហើយ សម្រាប់សហភាពអ៊ឺរ៉ុប៖ ថ្ងៃទី២៧ – ២៨ និង២៩ ខែធ្នូខាងមុខនេះ ការចាក់ថ្នាំ​វ៉ាក់សាំង នឹងចាប់ផ្ដើមធ្វើ នៅលើផ្ទៃ នៃសហភាពអ៊ឺរ៉ុប។ យើងការពារពលរដ្ឋរបស់យើង ហើយរួមគ្នា យើងកាន់តែរឹងមាំ។»

យ៉ាងណា គណៈកម្មការអ៊ឺរ៉ុប ត្រូវរង់ចាំការវាយតម្លៃ របស់ភ្នាក់ងារអ៊ឺរ៉ុប ទទួលបន្ទុកថ្នាំសង្កូវ «EMA /AEM» ដែលត្រូវត្រួតពិនិត្យ ថ្នាំវ៉ាក់សាំង «Pfizer-BioNTech» នៅថ្ងៃទី២១ ខែធ្នូ (១សប្ដាហ៍មុន) និងទទួលបានភ្លើងខៀវ ពីប្រទេសសមាជិកទាំង២៧ ជាមុនសិន។ ប៉ុន្តែភ្លើងខៀវ ក្នុងការការពារពលរដ្ឋអ៊ឺរ៉ុប ប្រមាណជា៤៥០លាននាក់ ទំនងជាមិនមានឧបសគ្គ អ្វីធំដុំនោះទេ។

ថ្នាំវ៉ាក់សាំង ដែលត្រូវបានបញ្ជាទិញ សម្រាប់សហភាពអ៊ឺរ៉ុប សុទ្ធតែត្រូវឆ្លងកាត់ ក្រោមការត្រួតពិនិត្យ របស់គណៈកម្មការអ៊ឺរ៉ុប និងភ្នាក់ងារ​ជំនាញទាំងអស់​របស់ខ្លួន។ ថ្នាំទាំងនោះ នឹងបញ្ជូនទៅឲ្យប្រទេសជាសមាជិក ទៅតាមចំនួនសមាមាត្រ នៃចំនួនប្រជាជន របស់បណ្ដា​​ប្រទេស​ទាំងនោះ។

ថ្នាំវ៉ាក់សាំង ដែលស្រាវជ្រាវរួមគ្នា រវាងមន្ទីរពិសោធន៍ «Pfizer» របស់អាមេរិក និង​«BioNTech» របស់អាល្លឺម៉ង់ ត្រូវបានទទួលស្គាល់​ដំបូងគេ ដោយប្រទេសធំៗ នៅបស្ចឹមលោក ក្នុងនោះមាន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ប្រទេសជាច្រើនទៀត ក៏បានប្រកាស​ទទួលស្គាល់ ជាបន្តបន្ទាប់ដែរ ដូចជាប្រទេស​ម៉ិចសិក និងអារ៉ាប៊ីសាអ៊ូឌីត ជាដើម។

សម្រាប់សហភាពអ៊ឺរ៉ុប មិនមែនមានតែ​ថ្នាំវ៉ាក់សាំង​​ខាងលើមួយទេ តែមហាអំណាច​ខាងសេដ្ឋកិច្ចមួយនេះ បានចុះកិច្ចសន្យា ទទួលយក​ថ្នាំវ៉ាក់សាំង រហូតដល់ទៅ​៧ប្រភេទ/ប្រភព ក្នុងការបង្ការជំងឺរាតត្បាត «Covid-19» ដ៏ចង្រៃ។

នៅថ្ងៃទី១២ ខែមករាខាងមុខ ភ្នាក់ងារ «EMA /AEM» គ្រោងនឹងអនុម័ត ថ្នាំវ៉ាក់សាំង របស់មន្ទីរពិសោធន៍ «Moderna» របស់អាមេរិក​មួយទៀត ដែលអាចជាថ្នាំវ៉ាក់សាំងទី២ បន្ទាប់ពីថ្នាំវ៉ាក់សាំង «Pfizer-BioNTech»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។